ស្របពេលវិស័យវារីវប្បកម្មចាប់ផ្តើមមានការរីកចម្រើន គេសង្កេតឃើញប្រជាកសិករនៅតាមតំបន់មួយចំនួនបានងាកពីមុខរបរធ្វើស្រែ មកចិញ្ចឹមត្រីនិងបង្កងបែបធម្មជាតិនៅក្នុងស្រែឬត្រពំាងរបស់ខ្លួន។ ជាក់ស្តែងប្រជាពលរដ្ឋក្នុងខេត្តតាកែវ ក្រៅពីចិញ្ចឹមត្រី នៅមានអ្នកចិញ្ចឹមបង្កងអូស្ត្រាលីឬបង្កងដៃខ្លី និងចិញ្ចឹមបង្កងធម្មជាតិ។
ទាក់ទងនិងការប្រកបមុខរបរបង្កងនេះ តើប្រជាកសិករគួរតែចិញ្ចឹមបង្កងអូស្ត្រាលី ឬបង្កងធម្មជាតិ ដើម្បីបានប្រាក់ចំណូលយកទៅពង្រឹងសេដ្ឋកិច្ចក្នុងគ្រួសារ ខណៈបង្កងដៃខ្លីងាយស្រួលក្នុងការចិញ្ចឹមជាងបង្កងធម្មជាតិ?
បើតាមកសិករម្នាក់បាននិងកំពុងចិញ្ចឹមបង្កងអូស្ត្រាលី ឬបង្កងដៃខ្លីនៅខាងខេត្តតាកែវបានអះអាងថា បង្កងដៃខ្លីមកដល់ពេលនេះសំបូរទីផ្សារហើយតម្លៃលក់ជាមធ្យមមិនក្រោម១០ដុល្លារក្នុង១គីឡូក្រាម។
លោក អ៊ឹម បេ បានឱ្យដឹងថា« នៅពេលបច្ចុប្បន្ននេះបង្កងដៃខ្លី តម្លៃជាមធ្យមពី១០ដុល្លារឡើងទៅក្នុង១គីឡូក្រាម ហើយបើទោះជាតម្លៃលក់មិនបានថ្លៃដូចទៅនិងបង្កងធម្មជាតិក្នុងស្រុក យើងនៅតែបន្តចិញ្ចឹម ព្រោះមុខរបរនេះងាយស្រួលទំាងនៅក្នុងការមើលថែនិងការរកប្រាក់ចំណូល ជាងការប្រកបមុខរបរផ្សេងទៀត»។
លោកលើកឡើងថា «តាមគំនិតរបស់ខ្ញុំ បើកសិករឬអ្នកដែលចង់ចិញ្ចឹមបង្កងតែគ្មានបទពិសោធន៍ឬគ្មានចំណេះដឹង កសិករអាចសាកល្បងចិញ្ចឹមបង្កងដៃខ្លីនេះបាន បើទោះបីតម្លៃនៅលើទីផ្សារសព្វថ្ងៃនេះ លក់មិនបានថ្លៃដូចនិងបង្កងធម្មជាតិក៏ដោយ តែការចិញ្ចឹមវាមានភាពងាយស្រួល ពុំចំាបាច់ប្រើបច្ចេកទេសដូចទៅនិងបង្កងធម្មជាតិនៅក្នុងស្រុក។ កសិករគ្រាន់តែសាកល្បងជាមួយដើមទុនដំបូងត្រឹមតែ២លានរៀលសម្រាប់ទិញកូនបង្កងដៃខ្លីយកមកចិញ្ចឹមបំប៉ន ដើម្បីបានមេពូជបង្កើតកូនទុកចិញ្ចឹមដោយខ្លួនឯង ដោយពុំចំាបាច់ចំណាយប្រាក់ច្រើនទៅលើការទិញកូនបង្កងពីគេ ហើយនៅពេលយើងមានកូនបង្កងដាក់ចិញ្ចឹមដល់ត្រពំាងឬក្នុងស្រែអស់រយៈពេល៤ទៅ៥ខែឡើង នោះយើងនឹងចាប់ផ្តើមអាចរកប្រាក់ចំណូលបានសន្សឹមៗវិញហើយពីការលក់បង្កងដៃខ្លី»។
លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តតាកែវ បានសង្កេតឃើញថាការចិញ្ចឹមបង្កងអូស្ត្រាលីនេះ នៅក្នុងទឹកដីខេត្តតាកែវក៏មានកសិករចិញ្ចឹមច្រើនគ្រួសារ ហើយវាងាយស្រួលក្នុងការចិញ្ចឹមជាងបង្កងធម្មជាតិក្នុងស្រុក ប៉ុន្តែទាក់ទងនិងទីផ្សារវាមិនដូចជាបង្កងដៃវែង ព្រោះប្រជាពលរដ្ឋនិយមហូបបង្កងដៃខ្លីវាមានចំនួនតិច។
លោកសង្កត់ធ្ងន់ថា«បើយើងក្រឡេកទៅមើលអ្នកចិញ្ចឹមបង្កងដៃខ្លីនៅខេត្តផ្សេងៗពីមុនមករហូតមកដល់បច្ចុប្បន្ននេះអ្នកចិញ្ចឹមស៊ឹងតែទុក អាងហាលចោលដោយសារតែទីផ្សារមិនសូវមានអ្នកកម្ម៉ង់ទិញឬតម្រូវការនៅលើទីផ្សារទាប ខុសពីបង្កងដៃវែងឬបង្កងធម្មជាតិក្នុងស្រុក»។
បើតាមមន្ត្រីជំនាញរូបនេះ ការចិញ្ចឹមបង្កងដៃខ្លីជាលក្ខណៈគ្រួសារ ឬធម្មតាៗវាមិនជាបញ្ហានោះទេសម្រាប់ទីផ្សារ តែបើកសិករចាប់យកធ្វើជាមុខរបរអាជីវកម្មវាមិនដូចជាការចិញ្ចឹមបង្កងធម្មជាតិ។ លើសពីនេះវាជា ប្រភេទពូជបង្កងនាំចូលពីខាងក្រៅហើយ នៅពេលណាវាមានបញ្ហាវាអាចចម្លងជំងឺឬធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិដែលមានស្រាប់ហើយថែមទំាងមានតម្លៃក្នុងសេដ្ឋកិច្ចទៀតផង។
បើតាម លោក អ៊ឹម បេ មានគំនិតចង់ចិញ្ចឹមបង្កងធម្មជាតិដែរ តែនៅតំបន់របស់កសិកររូបនេះ ខ្វះប្រភពទឹក មិនអំណោយផលដល់ការចិញ្ចឹមបង្កងធម្មជាតិនៅក្នុងស្រុក។ តែលោកអ៊ឹម បេ អាចចិញ្ចឹមបង្កងដៃខ្លីនេះបាន ព្រោះវាងាយស្រួលជាងការចិញ្ចឹមបង្កងធម្មជាតិនាពេលសព្វថ្ងៃ៕
អត្ថបទ៖សារេត