ថ្មីៗនេះ នាយកដ្ឋានអាកាសយានដ្ឋានថៃ បាននិយាយថា ការពង្រីកអាកាសយានដ្ឋានអន្តរជាតិ Krabi ដើម្បីអាចបង្កើនសមត្ថភាពទទួលអ្នកដំណើររហូតដល់ ៨ លាននាក់ ក្នុងមួយឆ្នាំនោះ ត្រូវបានរំពឹងទុកថានឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅឆ្នាំ ២០២៤ និងដាក់ឱ្យដំណើរការ នៅឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។
ចំពោះគម្រោងពង្រីកថ្មីនេះ រួមបញ្ចូលទាំងការសាងសង់ស្ថានីយអ្នកដំណើរទីបី និងការកែលម្អស្ថានីយ ដែលមានស្រាប់ចំនួនពីរ និងអគារចំណតរថយន្ត ដែលមានតម្លៃប៉ាន់ស្មានសរុបប្រមាណ ២,៩ពាន់លានបាត (៨,៥លានដុល្លារ)។
មិនតែប៉ុណ្ណោះ បើតាមសេចក្តីថ្លែងការណ៍មួយ របស់នាយកដ្ឋានអាកាសយានដ្ឋានថៃ បានឱ្យដឹងថា ការងារពង្រីកនេះ គឺសម្រេចបាន ៨៧,៥២% ហើយ ខណ:ការសាងសង់ផ្លូវសម្រាប់តាក់ស៊ី និងការកែលម្អប្រព័ន្ធអគ្គិសនីអាកាសយានដ្ឋាន សម្រេចបាន ៥២,២០% ។
ជម្រាបជូនផងដែរថា ក្រោយពេលសាងសង់រួចរាល់ ស្ថានីយអ្នកដំណើរទាំងបី នឹងត្រូវតភ្ជាប់គ្នា ក្នុងផ្ទៃដីសរុប ៦៨ ០០០ ម៉ែត្រការ៉េ និងអាចបង្កើនចំនួនផ្ទុកអ្នកដំណើរ ពី ១ ៥០០ នាក់ក្នុងមួយម៉ោង ឬ ៤ លាននាក់ក្នុងមួយឆ្នាំ ដល់ ៣ ០០០ ក្នុងមួយម៉ោង ឬ ៨ លាននាក់ក្នុងមួយឆ្នាំ៕