អ្នកឧកញ៉ា លី យ៉ុងផាត់ អនុញ្ញាតឱ្យក្រុមការងារផលិតភាពយន្តខ្មែរខ្នាតធំ លើទុន២០ម៉ឺនដុល្លារ ចូលថតនៅសួនសត្វភ្នំពេញសាហ្វារី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group ​​បាន​​អនុញ្ញាត​ឱ្យ​ក្រុមការងារ​​ផលិត​​ភាពយន្ត​ខ្នាតធំ រឿង​ភាគខ្មែរ​ របស់​ស្ថានីយ៍ទូរទស្សន៍​​ PNN ​​​​ចូល​ថត​នៅសួនសត្វភ្នំពេញសាហ្វារី ដែល​ជា​សួនសត្វ​ខ្នាត​អន្តរជាតិ និង​មាន​តែ​មួយ​គត់​នៅ​រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ទូច បុប្ផា ហៅ ធីតា អ្នកគ្រប់គ្រង​ការផ្សាយ​ និង​គ្រប់គ្រង​ការផលិត​ភាពយន្ត​ខ្មែរ នៅ​ស្ថានីយ៍ទូរទស្សន៍ PNN បាន​ថ្លែងប្រាប់​ ឧកញ៉ា ញូស៍ ថា​មូលហេតុ​ដែល​អ្នកឧកញ៉ា លី យ៉ុងផាត់ អនុញ្ញាត​ឱ្យ​ក្រុមការងារ​ចូល​ថត​នៅ​សួន​សត្វ​​ភ្នំពេញ​សាហ្វារី គឺ​ដោយសារ​អ្នកឧកញ៉ា មើលឃើញ​ថា​​ខ្លឹមសារ​នៃ​សាច់រឿង​​នេះ​ ​​គឺ​នឹង​​ចូលរួម​ចំណែក​ឱ្យ​អ្នក​ទស្សនា ​​​ជួយ​គាំទ្រ ស្រឡាញ់​ធម្មជាតិ និង​សត្វព្រៃ។ ម្យ៉ាង​ទៀត ដោយសារ​សួនសត្វ​សាហ្វារី ជា​សួនសត្វ​ខ្នាត​អន្តរជាតិ និង​មាន​តែ​មួយ​គត់​នៅ​រាជធានីភ្នំពេញ ​ដែល​ក្រោមការ​វិនិយោគ​​​​របស់​ក្រុមហ៊ុន​ LYP Group ​​​ហើយ​ក៏​យល់​ឃើញ​ថា ដើម្បី​រួម​ចំណែក​ឱ្យ​​ភាពយន្ត​ខ្មែរ​កាន់​តែ​ល្អ និង​បង្ហាញ​ថា​ នៅ​ប្រទេស​ខ្មែរ​យើង អាច​ផលិត​ភាពយន្ត​ខ្នាត​ធំ​ ​ព្រម​ទាំង​មាន​ចម្រុះ​​​ជាមួយ​សត្វ​​ផ្សេងៗ​ទៀត​បាន​ផងដែរ។

លោកស្រី ទូច បុប្ផា បាន​​ឱ្យ​ដឹង​ទៀត​ថា រឿង​សុបិន​​ស្នេហ៍​ឆ្លងឋាន​ នេះ គឺ​​ក្រុមហ៊ុន​បាន​​វិនិយោគ​លើ​ទឹកប្រាក់​ប្រមាណ​ខ្ទង់​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក និង​ប្រើ​ប្រាស់​ពេល​​ថត​ជាង ១ឆ្នាំ។ រឿង​ភាគ​​​ថ្មី​នេះ​ ​​គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​ត្រីមាស​ទី៣ នៃ​ឆ្នាំ២០២៣​នេះ ហើយ​​នឹង​ថ្ងៃ​ចាក់​ផ្សាយ​លើ​ទូរទស្សន៍ PNN ​​ចាប់ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​ព្រហស្បតិ៍ វេលាម៉ោង​​ ៨ ដល់​ម៉ោង​ ៩​យប់។

សូម​ជម្រាប​ថា សួនសត្វភ្នំពេញសាហ្វារី ជាសួនសត្វដែលបានផ្តល់នូវទីជម្រកដល់សត្វក្នុងស្រុក ក៏ដូចជាសត្វព្រៃ​ជាច្រើនប្រភេទ ជាមួយកន្លែងរស់នៅធំទូលាយបែបធម្មជាតិ និងផ្តល់ចំណីអាហារយ៉ាងសំបូរបែប។​ សួនសត្វនេះ បង្កើតឡើងឆ្នាំ២០១៨ ចំណាយទុនជាង ១០លានដុល្លារ និងមានទីតាំងនៅផ្លូវលីយ៉ុងផាត់ និងមានចម្ងាយ​ប្រមាណ ២១គីឡូម៉ែត្រពីវត្តភ្នំ៕