ប្រវត្តិសាស្រ្ត! មានងារជាសម្តេចសង្ឃសម្រេចចិត្តលះបង់លាចាកសិក្ខាបទ

សង្គម​ និង​សេដ្ឋកិច្ច

អាចនិយាយបានថាជាការកម្រមួយដែលមានបញ្ញវ័ន្តសង្ឃខ្មែរសម្រេចចិត្តលះបង់គោរមងារសម្តេចសង្ឃ ដើម្បីលាចាកសិក្ខា ឬហៅម្យ៉ាងទៀតថា សឹកពីព្រះសង្ឃមកជាឃរាវាស ឬមកជាមនុស្សសាមញ្ញជន។ សម្តេច ព្រះមហា អរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា លាចាកសិក្ខាបទនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ នៅវត្តស្វាយដង្គំ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងលិខិតទូលថ្វាយសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃកម្ពុជា ធ្វើឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចមហាអរិយវង្ស បានសរសេរថា ព្រះអង្គបានសាងព្រះផ្នួសបួសជាបព្វជិតអស់រយៈពេល៣៣វស្សា និងបានរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាតាមរយៈស្ថាប័នសម្ដេចព្រះសង្ឃរាជ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងវិស័យពុទ្ធសាសនា។

ក្នុងលិខិតដដែលមហា អរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ក៏បានទូលបន្ថែមអំពីការចូលរួមជួយកិច្ចការសង្គមតាំងពីឆ្នាំ២០០២ រហូតដល់បច្ចុប្បន្នដែលមានរយៈពេល២១ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា។ នាពេលបច្ចុប្បន្ននេះ សម្តេចមានភាពនឿយណាយអស់និស្ស័យក្នុងព្រះផ្នួស ហើយមានបំណងចូលរួមចំណែកបម្រើសង្គមក្នុងភាពជាឃរាវាស(ពលរដ្ឋធម្មតា)តទៅទៀត។

សម្តេច ព្រះមហា អរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ជាបញ្ញវ័ន្តសង្ឃខ្មែរមួយអង្គមានពុទ្ធិជ្រៅជ្រះដែលបានចូលរួមជួយព្រះពុទ្ធសាសនាច្រើនពិសេសវិស័យអប់រំខាងផ្នែកពុទ្ធិកសិក្សា។

ព្រះអង្គមានសមត្ថភាពនិយាយបានចំនួន ១០ភាសា គឺភាសាអង់គ្លេស បារាំង ថៃ វៀតណាម ចិន ឡាវ ភូមា បាលី សំស្រ្កឹត និងភាសាស្រីលង្កា។ ព្រះអង្គ ឃី សុវណ្ណរតនា បានបញ្ចប់ថ្នាក់បណ្ឌិតទស្សនៈវិជ្ជា នៃសាកលវិទ្យាល័យញូដេលី ប្រទេសឥណ្ឌា និងចប់ថ្នាក់បិរញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យកណ្យាណី ប្រទេសស្រីលង្កាផ្នែកទស្សនវិជ្ជាពុទ្ធសាសនា នឹងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

បន្ថែមទៀតនោះ ព្រះអង្គក៏បានបញ្ចប់វគ្គវិក្រឹត្តិការមន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ នៃសាលាភូមិន្ទរដ្ឋបាល។ បច្ចុប្បន្នព្រះអង្គមានតួនាទីជាអគ្គលេខាធិការដ្ឋានគណៈសង្ឃនាយក ជាសកលវិទ្យាធិការរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ រាជធានីភ្នំពេញ។

កាលពីឆ្នាំ២០២១ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ជាព្រះឧបជ្ឈាយ៍ គណៈមហានិកាយ៕