គណបក្សភឿថៃ ប្រកាសចែកផ្លូវជាមួយលោក ភីថា មុនពេលមានការបង្កើតរដ្ឋាភិបាលថ្មី

អន្តរជាតិ

គណបក្សឆ្ពោះទៅមុខ ដែលបានឈ្នះការបោះឆ្នោតសកលនាកន្លងទៅ ឥឡូវនេះ ត្រូវបានដកចេញពីក្រុមចម្រុះហើយ ស្របពេលសម្ព័ន្ធគណបក្សជាសមាជិកផ្សេងទៀត កំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ក្នុងសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសថៃ បានស្ថិតនៅក្នុងការជាប់គាំងទៅលើស្ថានភាពនយោបាយរបស់ខ្លួន ចាប់តាំងពីមានការបោះឆ្នោតសកល ដោយឃើញថាគណបក្សឆ្ពោះទៅមុខ ទទួលបានសំឡេងឆ្នោតច្រើនជាងគេ និងតាមពីក្រោយដោយគណបក្សភឿថៃ។

ប៉ុន្តែ នៅថ្ងៃពុធនេះ គណបក្សភឿថៃ បានប្រកាសថា ខ្លួននឹងតែងតាំងអ្នកជំនួញម្នាក់ ឈ្មោះថា ស្រេតថា ថាវីស៊ីន ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី នៅក្នុងការបោះឆ្នោតសភា ដែលនឹងកំណត់ធ្វើឡើងនៅថ្ងៃសុក្រខាងមុខ ហើយមានគោលបំណងបង្កើតរដ្ឋាភិបាលថ្មី ដោយគ្មានគណបក្សឆ្ពោះទៅមុខ នៅក្នុងនោះ។

គួរឱ្យដឹងថា គណបក្សឆ្ពោះទៅមុខ ដែលដឹកនាំដោយលោក ភីថា លីមចារើនរ៉ាត់ បានខិតខំប្រឹងប្រែង ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ក្រោយពីមានការបោះឆ្នោតសកល កាលពីថ្ងៃទី ១៤ ខែឧសភា ប៉ុន្តែលោកត្រូវបានបដិសេធជាច្រើនសារ ដោយសមាជិកសភា របស់របបយោធា និងរដ្ឋាភិបាលដែលគាំទ្រដោយយោធា។

យ៉ាងណាមិញ អនុប្រធានគណបក្សភឿថៃ លោក Phumtham Wechayachai បាននិយាយថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សរបស់លោក នឹងមិនគាំទ្រការកែប្រែមាត្រា១១២ ដែលធ្លាប់ស្នើឡើងដោយគណបក្សឆ្ពោះទៅមុខ នោះទេ ប៉ុន្តែនឹងផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងនយោបាយជំនួសវិញ។

មិនតែប៉ុណ្ណោះ មេដឹកនាំគណបក្សភឿថៃម្នាក់ទៀត គឺលោក Chonlanan Srikaew បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងបាងកកថា គណបក្សរបស់លោកកន្លងមកមានគាំទ្រចំពោះគណបក្សឆ្ពោះទៅមុខ ប៉ុន្តែគ្មានជម្រើសអ្វីត្រូវតែចែកផ្លូវជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ ចំពោះការប្រឆាំងបែបអភិរក្សនិយម ដែលមិនអាចគ្រប់គ្រងបាន ៕