ឥណ្ឌាផ្អាកការនាំចូលផលិតផលអេឡិចត្រូនិក ដើម្បីបង្កើនការផលិតក្នុងស្រុក

អន្តរជាតិ

ប្រទេសឥណ្ឌា បានចាប់ផ្ដើមរឹតបន្តឹងការនាំចូលកុំព្យូទ័រយួរដៃ ថេប្លេត និងកុំព្យូទ័រ ពីបរទេស​ជាបន្ទាន់ ដើម្បីជំរុញការផលិតក្នុងស្រុកឲ្យមានកំណើនឡើងវិញ។ នេះបើតាមការចុះផ្សាយពី​សារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា ក្នុងត្រីមាសទី ២នេះ ការនាំចូលផលិតផលអេឡិចត្រូនិក​របស់ឥណ្ឌា រាប់បញ្ចូលទាំងកុំព្យូទ័រ មានការកើនឡើង ៦,២៥% ប្រមាណ ១៩,៧ពាន់លានដុល្លារ ស្របពេល​ការ​នាំចូល​ឧបករណ៍អេឡិចត្រូនិក គឺរ៉ាប់រង​ប្រហែល ៧ ទៅ ១០% នៃ​ការនាំចូល​សរុប​របស់​ឥណ្ឌា។

គួររំលឹកដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលឥណ្ឌាបានព្យាយាមជំរុញ និងលើកទឹកចិត្ត​ក្រុមហ៊ុន​ក្នុងស្រុកជាច្រើន បង្កើនការផលិតជាជាងពឹងផ្អែកលើការនាំចូល ដោយ​ផ្ដល់​ការលើកទឹកចិត្តដល់​វិស័យជាច្រើន រួមទាំងវិស័យ​អេឡិចត្រូនិក​ផងដែរ។

សូមជម្រាបដែរថា កាលពីឆ្នាំទៅ ឥណ្ឌាបាននាំចូលទូរស័ព្ទពីបរទេស ដែលមានតម្លៃរហូតដល់ ៣៨ពាន់លានដុល្លារ ខណៈការផលិត​ក្នុងស្រុកគឺមានតែប្រហែល ៤ពាន់លានដុល្លារប៉ុណ្ណោះ៕