នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថ្មីៗនេះ បានស្នើសុំឱ្យក្រុមហ៊ុន Samsung Electronics Vietnam ផ្តល់ការងារឱ្យជនជាតិវៀតណាមបន្ថែមទៀត សម្រាប់តំណែងជានាយកប្រតិបត្តិ និងអ្នកគ្រប់គ្រង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើសំណើនេះឡើង អំឡុងកិច្ចប្រជុំពិសេសមួយនាពេលថ្មីៗនេះ នៅក្នុងរោងចក្ររបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សកូរ៉េខាងត្បូង នៅភាគខាងជើងខេត្ត Bac Ninh។
យ៉ាងណាមិញញ អំឡុងជំនួបនោះ លោក Pham បាននិយាយថា មិនខុសពីក្រុមហ៊ុន Samsung ដែរ ដោយវៀតណាមមចង់ផ្តោតបន្ថែមទៅលើវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិត ហើយធនធានមនុស្សគឺជាចំណុលស្នូលដ៏សំខាន់នៃយុទ្ធសាស្រ្តកំណើន នៅក្នុងវិស័យនេះ។
គួរឱ្យដឹងថា ក្រុមហ៊ុន Samsung គឺជាអ្នកវិនិយោគបរទេសធំជាងគេបំផុតរបស់វៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបជិត ២០ពាន់លានដុល្លារ។ ហើយពាក់កណ្តាលនៃស្មាតហ្វូនរបស់ Samsung ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាម ដោយក្នុងនោះមានបុគ្គលិកបម្រើការងារប្រហែល ១០០ ០០០ នាក់។
ជម្រាបជូនផងដែរថា កាលពីឆ្នាំមុន ក្រុមហ៊ុន Samsung បាននាំចេញផលិតផលរបស់ខ្លួន ដែលមានតម្លៃ ៦៥ពាន់លានដុល្លារ ឬស្មើទៅនឹង ១៧,៥% នៃការនាំចេញចេញសរុបរបស់វៀតណាម៕