សភាថៃ សម្រេចពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ ជាថ្មីម្តងទៀត

អន្តរជាតិ

នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានសភាថៃ បានសម្រេចពន្យារពេលការបោះឆ្នោតសភា សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលគ្រោងទុកធ្វើឡើងនៅថ្ងៃសុក្រ សប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wan Muhamad Noor Matha បាននិយាយថា ការសម្រេចចិត្តលើកពេលការបោះឆ្នោតនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពី​តុលាធម្មនុញ្ញ​ថៃ កំពុងពន្យារពេលសេចក្តីសម្រេចរបស់ខ្លួនទៅលើដំណោះស្រាយរបស់សភា ក្នុងការបដិសេធការតែងតាំងមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជានាយករដ្ឋមន្ត្រីថ្មី ។

មិនតែប៉ុណ្ណោះ លោក Wan បាននិយាយថា ៖ “​តុលាការមិនទាន់សម្រេចលើការតវ៉ាអំពីការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅឡើយ ដូច្នេះហើយទើបការបោះឆ្នោតសភា ដែលគ្រោងធ្វើនៅសប្តាហ៍នេះ ត្រូវបន្តពន្យារពេល”។

គួរឱ្យដឹងថា ការប្រកាសនេះ ត្រូវបានកើតឡើងបន្ទាប់ពីមួយថ្ងៃប៉ុណ្ណោះ ក្រោយគណបក្សឆ្ពោះទៅមុខ បានដកខ្លួនចេញពិក្រុមចម្រុះ ដែលកំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ហើយឥឡូវនេះ កំពុងដឹកនាំដោយគណបក្សភឿថៃ ដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេលំដាប់ទីពីរ ក្នុងការបោះឆ្នោតសកល កន្លងទៅ។ ហើយឥឡូវនេះ ភឿថៃ គ្រោងនឹងតែងតាំងបេក្ខជនរបស់ខ្លួន គឺលោក ស្រេតថា ថាវីស៊ីន ជានាយករដ្ឋមន្ត្រីថ្មី ក្នុងការប្រជុំសភាបន្ទាប់។

ជម្រាបជូនផងដែរថា នៅក្នុងការប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភាកាលពីថ្ងៃទី ១៣ ខែកក្កដាកន្លងទៅ លោក ភីថា មិនទទួលបានសំឡេងភាគច្រើន ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីនោះឡើយ។ ខណ:មួយសប្តាហ៍ក្រោយមក លោក ភីថា ក៏ត្រូវបានសភាបដិសេធ ជាថ្មីម្តងទៀត និងថែមទាំងត្រូវបានដកតំណែងពីសមាជិកសភា ផងដែរ៕