ថៃ រំពឹងអាចទាញប្រាក់ចំណូលជាង ៨៦ពាន់លានដុល្លារ ពីឧស្សាហកម្មគ្មានផ្សែងរបស់ខ្លួន

អន្តរជាតិ

យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញឱ្យដឹងថា វិស័យទេសចរណ៍របស់ខ្លួន ដែលត្រូវបានចាត់ទុកថាជាឧស្សាហកម្មគ្មានផ្សែងនោះ រំពឹងថាអាចនឹងផ្តល់ប្រាក់ចំណូលរហូតដល់ ៣ទ្រីលានបាត (៨៦,៥ពាន់លានដុល្លារ) នៅក្នុងឆ្នាំ ២០២៤ ខាងមុខ ពោលគឺស្មើទៅនឹងកម្រិតឆ្នាំ ២០១៩ នៅពេលដែលគ្មានវិបត្តិកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួនភ្ញៀវទេសចរ ដែលបានមកកាន់ប្រទេសថៃ បានកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំ ២០២២ ដល់ចំនួន ១១,៥ លាននាក់ ដែលលើសពីគោលដៅរំពឹងទុកចំនួន ១០ លាននាក់។ តែទោះជាយ៉ាងណាក៏ដោយ ការចំណាយរបស់ភ្ញៀវទេសចរទាំងនោះ នៅតែមានកម្រិតទាប ដោយសារតែជើងហោះហើរអន្តរជាតិនៅមានកម្រិត ខណ:ភ្ញៀវទេសចរបរទេសភាគច្រើន មកពីប្រទេសជិតខាង។

គួរឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៣ នេះវិញ TAT បានកំណត់គោលដៅសម្រេចឱ្យបាន ៨០% នៃប្រាក់ចំណូលដែលទទួលបានកាលពីឆ្នាំ ២០១៩ ឬក្នុងចំនួន ២,៣៨ទ្រីលានបាត ប៉ុន្តែសម្រាប់ឆ្នាំ ២០២៤ ខាងមុខ គោលដៅគឺសម្រេចឱ្យដល់ ១០០% នៃប្រាក់ចំណូលដែលទទួលបានពីឆ្នាំ ២០១៩ តែម្តង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

មិនតែប៉ុណ្ណោះ លោក Yuthasak Supasorn អភិបាល TAT បាននិយាយថា ដើម្បីអាចសម្រេចបាននូវគោលដៅនេះ ស្ថាប័នរបស់លោក ចាំបាច់ត្រូវអនុវត្តកិច្ចខិតខំប្រឹងប្រែងទីផ្សារឱ្យបានពេញលេញ និងគ្រប់គ្រងហានិភ័យពីខាងក្រៅ ប្រកបដោយប្រសិទ្ធភាព។

ជម្រាបជូនផងដែរថា បើទោះបីជាមានបញ្ហាប្រឈមក៏ដោយ ប៉ុន្តែសន្ទុះនៃការធ្វើដំណើរក្នុងស្រុកនៅតែបន្ត។ ហើយសមាគមសណ្ឋាគារថៃ (THA) បានរាយការណ៍ពីនិន្នាការវិជ្ជមាន ក្នុងការកក់បន្ទប់ សណ្ឋាគារកាលពីចុងឆ្នាំមុន ជាមួយនឹងអត្រាប្រសើរឡើង បើធៀបទៅនឹងឆ្នាំ ២០១៩៕