លោកឧកញ៉ា សឹង ចាតវិជ្ជា សហគ្រិនវ័យក្មេង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ូរៀ បានចែករំលែករឿង ៦យ៉ាង ដែលលោកយល់ថាមានអត្ថន័យធំក្នុងជីវិតគូ ទោះបីយើងជួបបរាជ័យ គ្មានលុយកាក់ បាត់បង់អ្វីគ្រប់យ៉ាង ប៉ុន្តែនៅមានមនុស្សម្នាក់ តែងចាំលើកទឹកចិត្ត និងផ្តល់ភាពជឿជាក់ រហូតកាន់ដៃគ្នាដល់ ៥០ឆ្នាំ។
លោកឧកញ៉ា បានលើកឡើងយ៉ាងដូច្នេះថា ១.នៅពេលដែលមនុស្សគ្រប់គ្នាដើរចេញពីអ្នក ដោយសារអ្នកបរាជ័យ តែនៅមានមនុស្សម្នាក់គត់នៅ ហើយដើរតាមអ្នកគ្រប់ជំហ៊ាន នេះគេហៅថា«ជំនឿ»។ ២.នៅពេលដែលអ្នកចេញក្រៅដល់យប់ជ្រៅហើយគ្រួសារអ្នកមិនដេញដោល ដោយនៅញញឹមគេងឱបអ្នក នេះគេហៅថា «ទុកចិត្ត»។ ៣.នៅពេលដែលអ្នកគ្មានការងារ គ្មានលុយកាក់ តែមនុស្សស្រីម្នាក់តែងតែអ៊ុតខោអាវការិយាល័យព្យួររាល់ព្រឹកសម្រាប់អ្នក នេះគេហៅថា«ក្តីស្រឡាញ់»។ ៤. នៅពេលដែលអ្នកជួបព្រឹត្តិការណ៍ថ្មីលឿនពេក ដែលអាចធ្វើឲអ្នកបាត់បង់គ្រប់យ៉ាង តែអ្នកនៅតែឈរមួយកន្លែង កាន់ដៃគ្នា ហើយផ្តល់ស្នាមញញឹមឲ្យគ្នា នេះគេហៅថា«ក្តីសង្ឃឹម»។ ៥.នៅពេលដែលអ្នកនៅសន្ទនាដល់យប់ជ្រៅ សរសេរផែនការសម្រាប់អនាគតទាំងដែលមើលវាមិនឃើញសោះ នេះគេហៅ «ភាពជឿជាក់»។ ៦.នៅពេលដែលអ្នកចាស់ជាមួយគ្នា ហើយប្រារព្ធខួបអាពាហ៍ពិពាហ៍ ៥០ឆ្នាំ ដោយសរសេរលើនំថា: ១៥ឆ្នាំតស៊ូ ៣៥ឆ្នាំ កាន់ដៃមិនបោះបង់ នេះគេហៅថា «ស្មោះស្ម័គ្រ»។
លោកឧកញ៉ា សឹង ចាតវិជ្ជា និងភរិយា លោកស្រី កេន អច្ឆរ៉ា នាយិកាក្រុមហ៊ុនម៉ូរៀ តែងតែបង្ហាញភាពផ្អែមល្ហែម និងជាដៃគូដ៏ស័ក្តិសមមួយ ជាពិសេសអ្នកទាំងពីរតែងពុះពារលើវិថីសហគ្រិន និងការប្រកបមុខជំនួញរបស់ខ្លួន។ លោក សឹង ចាតវិជ្ជា ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣៕