នាថ្ងៃសុក្រនេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ពួកគេនឹងធ្វើការលើកលែងពន្ធ លើពន្ធប្រឆាំងការបោះចោល និងប្រឆាំងការឧបត្ថម្ភធន ចំពោះការនាំចូលស្រូវសាលីពីប្រទេសអូស្ត្រាលី ដែលបានដាក់អស់រយៈពេល ៣ឆ្នាំ បង្កការខូចខាតទឹកប្រាក់រាប់ពាន់លានដុល្លារ។
យ៉ាងណា កាលពីខែមេសាកន្លងទៅ ចិន និងអូស្ត្រាលី បានព្រមព្រៀងគ្នា ដោះស្រាយបញ្ហាជុំវិញការនាំចូលស្រូវសាលីនេះ ដោយអូស្ត្រាលីសន្យាថា នឹងបង្កកករណីប្ដឹងផ្ដល់ទៅកាន់ចិន ជុំវិញការបង្ខូចតម្លៃស្រូវសាលី នៅអង្គការពាណិជ្ជកម្មពិភពលោក ខណៈចិនសន្យានឹងពន្លឿនការលើកលែងពន្ធនាំចូលស្រូវសាលីពីអូស្ត្រាលីវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រភពដដែលបន្ថែមថា ការលើកលែងពន្ធនឹងចាប់ផ្ដើមធ្វើឡើងពីថ្ងៃសៅរ៍តទៅ ខណៈរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី Don Farrell បង្ហាញពីក្ដីសង្ឃឹមថា នឹងទទួលបានដំណឹងល្អឆាប់ៗនេះ។
សូមជម្រាបដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលី ចាប់ផ្ដើមល្អក់កករ តាំងពីឆ្នាំ ២០២០ បន្ទាប់ពីអូស្ត្រាលីបង្ហើរជារឿយៗថា ចិនជាប្រភពនៃជំងឺរាតត្បាតកូវីដ ១៩ ដែលធ្វើឲ្យមហាអំណាចអាស៊ីខឹងសម្បារជាខ្លាំង រហូតបន្ថែមពន្ធលើការនាំចូលស្រា និងស្រូវសាលីពីអូស្ត្រាលី៕