សមាគមឧកញ៉ាកម្ពុជា ចេញលិខិតអញ្ជើញ អ្នកឧកញ៉ា ឧកញ៉ា ចូលរួមកម្មវិធីមួយ នៅចុងសប្តាហ៍ក្រោយ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន​សមាគមឧកញ៉ាកម្ពុជា ​​នៅ​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ បាន​ចេញ​លិខិត​អញ្ជើញ អ្នកឧកញ៉ា ឧកញ៉ា ដែល​ជា​សមាជិក-សមាជិកា​ទាំង​អស់​នៃ​សមាគមឧកញ៉ា​កម្ពុជា ​​ដើម្បី​ចូលរួម​ក្នុង «វេទិកា​ធុរកិច្ច​កម្ពុជា​ឆ្នាំ២០២៣ និង​ពិធីពិសារ​អាហារសាមគ្គី” នា​ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ​​នៅ​សណ្ឋាគារ ហ្គាឌិនស៊ីធី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​កម្មវិធី​នេះ​​នឹង​មាន​ការ​ចូលរួម​ជា​កិត្តិយស​​ដោយ​ លោក សុខ សិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អនុព័ន្ធ​ពាណិជ្ជកម្ម​នៃ​ស្ថាន​តំណាង​បរទេស​នានា ប្រចាំនៅកម្ពុជា​ផង​ដែរ។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែម ​អំពីទស្សនវិស័យ និងបេសកកម្មរបស់សមាគម​ឧកញ៉ាកម្ពុជា ក៏ដូចជាជំរុញលើកកម្ពស់ការធ្វើ​ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រម​ទាំងរឹតចំណងសាមគ្គី​ភាព​ក្នុងចំណោមថ្នាក់ដឹកនាំសមាជិកសមាជិកាសមាគម និងថ្នាក់ដឹកនាំមន្ត្រីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អនុព័ន្ធពាណិជ្ជកម្មនៃតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នឯកជនសំខាន់ៗមួយចំនួន។

គួរ​រំឭក​ថា កាលពី​​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សមាគម​ឧកញ៉ាកម្ពុជា និង​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់គ្នា (MoU)​ ស្តីពីភាពជាដៃគូ​ក្នុងការ​ជំរុញ និងលើកកម្ពស់​សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា លី យ៉ុងផាត់ បាន​លើក​ឡើង​ថា នេះជាការបោះជំហ៊ានដ៏សំខាន់ថ្មីមួយទៀត​លើភាពជាដៃគូរវាង​ស្ថាប័នរដ្ឋ និងវិស័យ​ឯកជន ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ដែលជាក្បាល​ម៉ាស៊ីននៃកំណើន និង​ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសរួមចំណែកសម្រេច​ឱ្យបាននូវចក្ខុវិស័យ​ ប្រែ​ក្លាយ​កម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០៕