ក្រសួងទេសចរណ៍បានឲ្យដឹងថា រយៈពេល៧ខែក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង១២លាននាក់ ខណៈក្នុងខែកក្កដាកន្លងទៅមានភ្ញៀវទេសចរផ្ទៃក្នុងដើរទស្សនាប្រមាណ១លាន១សែននាក់។
បើតាមក្រសួងទេសចរណ៍ ជាធម្មតាខែកក្កដា និងខែសីហាជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង២នេះមិនមានថ្ងៃឈប់សម្រាកជាតិទេ។ ប៉ុន្តែចរន្តភ្ញៀវនឹងចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានា។
ទន្ទឹមនឹងនោះក្រសួងទេសចរណ៍ក៏បានរំពឹងដែរថា កម្៧ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់សម្រាប់ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V ដូចដែលព្យាករណ៍ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩៕