កូនប្រុស Steve Jobs បង្កើតក្រុមហ៊ុនស្រាវជ្រាវវិធីសាស្ត្រ ព្យាបាលជំងឺមហារីក

អន្តរជាតិ

កូនប្រុសអតីតស្ថាបនិកក្រុមហ៊ុន Apple Inc លោក Reed Jobs ដែលមានវ័យ ៣១ឆ្នាំបានកំពុងចាប់ផ្តើមវិនិយោគបង្កើតក្រុមហ៊ុនមួយ ដោយផ្តោតលើការព្យាបាលជំងឺមហារីក ដែលជំងឺនេះធ្លាប់វាយប្រហារដល់ឪពុករបស់ខ្លួនគឺលោក Steve Jobs។ នេះបើតាមការចុះផ្សាយពីកាសែត The New York Time ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនត្រឹមតែប៉ុណ្ណោះ អតីតភរិយាលោក Steve Jobs លោកស្រី Laurene Powell Jobs ក៏បាននឹងកំពុងដាក់ទុនជាមួយកូនប្រុស លើការសិក្សាស្រាវជ្រាវដើម្បីព្យាបាលជំងឺមហារីកមួយនេះផងដែរ។

ជាមួយគ្នានោះ ក្រុមហ៊ុននេះត្រូវបានប្រមូលទុនបានចំនួនប្រមាណ ២០០លានដុល្លារអាមេរិកពីវិនិយោគិន និងស្ថានប័ននានា រួមទាំងអ្នកបណ្តាក់ទុនវិនិយោគ John Doerr មជ្ឈមណ្ឌលជំងឺមហារីក Memorial Sloan Kettering រួមទាំងសកលវិទ្យាល័យ Rockefeller និង MITផងដែរ។

លោក Jobsបាននិយាយថា “ឪពុករបស់ខ្ញុំត្រូវបានវិជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យថាលោកមានជំងឺមហារីក នៅពេលដែលខ្ញុំមានអាយុ ១២ឆ្នាំ រឿងនេះហើយដែលនាំអោយខ្ញុំចងចិត្តចាប់ផ្តើមផ្តោតនិងសិក្សាលើជំងឺមួយនេះយ៉ាងសំខាន់”។

សូមជំរាបផងដែរថា​ លោក Steve Jobs ត្រូវបានវិជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យថា លោកមានជំងឺមហារីកលំពែងកាលពីឆ្នាំ ២០០៣ រហូតមកដល់ឆ្នាំ ២០១១លោកបានទទួលមរណៈភាពនៅជន្មាយុ ៥៦ឆ្នាំ៕