លោក អូន ព័ន្ធមុនីរ័ត្ន បង្ហាញពីវិស័យសក្តានុពលកម្ពុជាចំនួន៣ ដែលរំពឹងថានឹងមានកំណើនវិជ្ជមាន

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកបង្ហាញពីវិស័យសក្តានុពលរបស់កម្ពុជាចំនួន៣ ដែលរំពឹងថានឹងមានកំណើនវិជ្ជមានប្រាប់ដល់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី ដែលបានចុះមកសិក្សាស្វែងយល់ពីសក្ដានុពលទីផ្សារ និងការវិនិយោគនៅកម្ពុជាផងដែរ។ នេះបើយោតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលជំនួបពិភាក្សាការងាររបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាមួយសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) ដែលក្រសួងសេដ្ឋកិច្ច ចេញផ្សាយកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) ដឹកនាំដោយលោក Gary Lim, ប្រធានប្រចាំប្រទេស អមដោយសមាជិកប្រតិភូ មកពីបណ្តាក្រុមហ៊ុននានា ចំនួន ២៣ រូបទៀត បានចូលជួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្នុងគោលបំណងស្វែងយល់អំពីសក្ដានុពលទីផ្សារ និងការវិនិយោគ ពិសេសស្វែងរកកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។

នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានស្វាគមន៍ និងថ្លែងអំណរគុណវត្តមានរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីមកកាន់កម្ពុជា ខណៈលោកថាដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់ ធុរជន និងវិនិយោគិនសិង្ហបុរី អំពីប្រទេសកម្ពុជា ដែលកម្ពុជា បានគ្រប់គ្រងយ៉ាងល្អនូវការរីករាលដាលនជំងឺកូវីដ-១៩ និងបើកឱកាសឱ្យវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិត្រឡប់ចូលកម្ពុជាវិញសម្រាប់ចូលរួម ក្នុងការផ្តាសេដ្ឋកិច្ចឡើងវិញ។

ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ដែរថា សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើន ៥, ៦% នៅឆ្នាំ ២០២៣ និងកំណើន ៦, ៦% នៅឆ្នាំ ២០២៤, អតិផរណានឹងមានត្រឹម ២,៥% នៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤, និងអត្រាប្តូរប្រាក់ និងទុនបម្រុងជាតិ នឹងមានស្ថិរភាព។ ដោយឡែកវិស័យសក្តានុពលរបស់កម្ពុជា រួមមាន៖ វិស័យកសិកម្ម, វិស័យទេសចរណ៍ និងវិស័យមិនមែនកាត់ដេរ ក៏នៅជាវិស័យសក្តានុពល ដែលរំពឹងថានឹងមានកំណើនវិជ្ជមានផងដែរ។

ទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តីសេដ្ឋកិច្ច ក៏បានជូនពរដល់ប្រតិភូធុរកិច្ចសិង្ហបុរី ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មបំពេញការងារ ពិសេសការស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជាថែមទៀត។

តាមរយៈជំនួបខាងលើនេះដែរ ក្រៅពីបង្ហាញពីវិស័យសក្តានុពលកម្ពុជា ដែលរំពឹងថានឹងមានកំណើនវិជ្ជមានប្រាប់ធុរកិច្ចសិង្ហបុរីហើយនោះ ក្រសួងសេដ្ឋកិច្ច ក៏បានបង្ហាញពីគោលនយោបាយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខរបស់រាជរដ្ឋាភិបាលជាមួយនឹងអនាគតមន្ត្រីដឹកនាំបន្តវេន ដែលប្រកបដោយថាមពល និងសមត្ថភាព សំដៅកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់។

ជាងនេះទៀត ក្រសួងសេដ្ឋកិច្ច បានអះអាងទៀតថា រាជរដ្ឋាភិបាល ក៏នឹងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន, ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច, ការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច,ការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម៕

អត្ថបទ៖ ពិសី