នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា

អន្តរជាតិ

នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានធ្វើការអបអរសាទរ ទៅកាន់ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា «នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា» សម្រាប់​នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងលិខិតអបអរសាទរ ទៅកាន់នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលចេញ​ផ្សាយ​ដោយ​ក្រសួងការបរទេសនាថ្ងៃទី ០៧ ខែសីហានេះ លោក Lee បានសង្កត់ធ្ងន់ថា ទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពរវាងសិង្ហបុរី និងកម្ពុជា ជាមួយនឹងទំនាក់ទំនងទ្វេភាគីបានរីកចម្រើន ចាប់តាំងពីកិច្ចប្រជុំចុងក្រោយនៅក្នុងឆ្នាំ ២០១៨ នៅពេលដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរី សម្រាប់កិច្ចប្រជុំ Lee Kuan Yew Exchange Fellow លើកទី ៦៤។

បន្ថែមពីនោះ នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរីក៏បានលើកឡើងទៀតថា សិង្ហបុរី និងកម្ពុជា បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ជំនួយបច្ចេកទេស ក៏ដូចជាការផ្លាស់ប្តូរយោធា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឋានៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកងទ័ពកម្ពុជា។

ជម្រាបបន្ថែមថា លោក Lee ក៏បានបញ្ជាក់ទៀតថា លោកសង្ឃឹមយ៉ាង​មោះមុត​ ក្នុងការជួបជាមួយ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដោយផ្ទាល់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន​លើកទី ៤៣ ដែលនឹងធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីនាខែក្រោយនេះ៕