តម្លៃហ៊ុនក្រុមហ៊ុនរថយន្តអគ្គិសនីឡើងខ្លាំង ធ្វើឲ្យចិនមានមហាសេដ្ឋីថ្មីម្នាក់

អន្តរជាតិ

តម្លៃភាគហ៊ុន​នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី មានការកើនឡើងខ្លាំង ពោលកត្តានេះធ្វើឲ្យ​ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនរថយន្ត Li Auto លោក Fan Zheng បានក្លាយជាមហាសេដ្ឋី​នៃប្រទេសចិន​ថ្មីមួយរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes បានបង្ហាញថា លោក Fan បានក្លាយជា​មហាសេដ្ឋីទី ២ នៃក្រុមហ៊ុន Li Auto បន្ទាប់ពីប្រធានក្រុមហ៊ុនលោក Li Xiang ក្រោយ​តម្លៃភាគហ៊ុន កើនឡើងដល់ ៤៥,៨៤ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឲ្យ​ទ្រព្យសម្បត្តិ​របស់​លោក​កើនដល់ ១,៩ពាន់លានដុល្លារ។

ដោយឡែក ប្រធានក្រុមហ៊ុន​រថយន្តអគ្គិសនីពេញនិយមបំផុតមួយនៅចិន គឺលោក Li វិញ ក៏មាន​សំងំ​កើបលុយបានច្រើនផងដែរ ពោលគិតត្រឹមថ្ងៃទី ០៤ ខែសីហានេះ ទ្រព្យសម្បត្តិរបស់លោក​មានប្រមាណ ៨,២ពាន់លានដុល្លារ។

គួររំលឹកដែរថា ក្រុមហ៊ុន Li Auto គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីពេញនិយមបំផុតមួយ​នៅចិន ខណៈបើមើលពីមូលធនទីផ្សារដែលមាន ៤៨ពាន់លានដុល្លារវិញ គឺអាចប្រជែងជាមួយ​ក្រុមហ៊ុនអាមេរិកធំៗដូចជា Ford និង GM បានយ៉ាងងាយ។

បន្ថែមពីនោះ ក្រុមហ៊ុនចិនមួយនេះក៏ជាប់ចំណាត់ថ្នាក់ទី ១ ៦៩១ ក្នុងចំណោមក្រុមហ៊ុនកំពូល​ទាំង ២ ០០០ ចម្រាញ់ដោយទស្សនាវដ្ដី Forbes ស្របពេលអត្រាលក់រថយន្តនាខែកក្កដា​កន្លងទៅ មានការកើនឡើង ២២៧,៥% ដោយលក់បាន ៣៤ ១៣៤គ្រឿង បើធៀបនឹងឆ្នាំទៅក្នុងរយៈពេលដូចគ្នា៕