ជប៉ុនគ្រោងនឹងបង្ហូរទឹកវិទ្យុសកម្មចូលទៅក្នុងមហាសមុទ្រ នាចុងខែសីហានេះ

អន្តរជាតិ

ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលបានព្យាបាលរួចឬបន្សាបរួចរាល់នោះពីរោងចក្រថាមពលនុយក្លេអ៊ែរ Fakushima លេខ ១ ចូលទៅក្នុងមហាសមុទ្រនៅចុងខែសីហា នេះបើតាមការចុះផ្សាយរបស់កាសែត Asahi Shimbun របស់ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហូរទឹកចូលទៅកាន់សមុទ្រនេះទំនងជានឹងអាចកើតឡើងភ្លាមៗ បន្ទាប់ពីនាយករដ្ឋមន្ត្រី Fumio Kishida ជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅសហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយ ដោយពន្យល់ពួកគេពីរបៀបដែលការបញ្ចេញទឹកដែលមានវិទ្យុសកម្មទាំងនោះថាវាមានសុវត្ថិភាព។

ជាមួយគ្នានោះ កាលពីខែមុននិយតករនុយក្លេអ៊ែររបស់ប្រទេសជប៉ុន បានផ្តល់ការយល់ព្រម ដល់រោងចក្រ Tokyo Electric Power ដើម្បីចាប់ផ្តើមបញ្ចេញទឹកទាំងនោះ ខណៈប្រទេសជប៉ុន និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានអះអាងថាវាមានសុវត្ថិភាព ប៉ុន្តែប្រទេសជិតខាងផ្សេងទៀតបារម្ភថា វាអាចប៉ះពាល់ និងបំពុលយ៉ាងធ្ងន់ធ្ងរ។

ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលកំពូលលោក Hirokazu Matsuno បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយថា ការងារនេះមិនមានកាលបរិច្ឆេទជាក់លាក់ណាមួយក្នុងការបង្ហូរទឹកចេញនោះទេ៕