Hongkong Land ចេញមុខច្រានចោល រឿងចង់លក់អគារតម្លៃជាង ២ពាន់លានដុល្លារ

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍចលនទ្រព្យ Hongkong Land បានចេញមុខបដិសេធចំពោះរបាយការណ៍ថា ខ្លួនកំពុងដាក់លក់អគារការិយាល័យដ៏ល្បីល្បាញបំផុតមួយ នៅចំកណ្តាលសង្កាត់ហិរញ្ញវត្ថុ ក្នុងទីក្រុងហុងកុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការចេញមុខបដិសេធនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Sing Tao Daily បានធ្វើការរាយការណ៍នៅថ្ងៃពុធនេះថា Hongkong Land កំពុងស្វែងរកការលក់អគារ Three Exchange Square ដែលស្ថិតនៅក្នុងសង្កាត់ហិរញ្ញវត្ថុ Central ជាមួយតម្លៃស្នើសុំប្រមាណ ២,០៥ពាន់លានដុល្លារ។

យ៉ាងណាមិញ អ្នកនាំពាក្យរបស់ Hongkong Land បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” នេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ Hongkong Land មិនមានគម្រោងលក់អគារណាមួយ នៅក្នុងសង្កាត់ Central នោះឡើយ ” ។

ជម្រាបជូនផងដែរថា Three Exchange Square គឺជាអគារការិយាល័យកម្រិត A ដែលមានកម្ពស់ ៣៣ ជាន់ ហើយអគារនេះត្រូវបានជួលដោយក្រុមហ៊ុនធំៗ ដូចជា S&P Global Inc. និង China Merchants Bank Co​ ជាដើម។ ស្របពេល Hongkong Land គឺជាម្ចាស់នៃអគារពាណិជ្ជកម្មធំៗជាច្រើន នៅសង្កាត់ Central ក្នុងទីក្រុងហុងកុង ៕