វិស័យចិញ្ចឹមសត្វនៅកម្ពុជាក្នុងឆ្នាំ២០២៣ មានកំណើនមិនសូវល្អដូចឆ្នាំចាស់

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឆ្នាំ២០២៣នេះ សម្រាប់វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានកំណើនមិនសូវជាល្អឬខ្ពស់ដូចទៅនិងរយៈពេល៣ឆ្នាំមុននោះទេ ពោលក្នុងឆ្នាំនេះ មានការប៉ាន់ប្រមាណថាកើនឡើងក្នុងរង្វង់ ០,៨% ខណៈនៅឆ្នាំ២០២២មានកំណើន១% និង២,២% នៅក្នុងឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានបង្ហាញថា វិស័យចិញ្ចឹមសត្វ ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងរង្វង់០,៨% ដោយសារថ្លៃធាតុចូលនៅបន្តមានកម្រិតខ្ពស់ ស្របពេលដែលការនាំចូលសាច់បង្កកក៏បានដាក់សម្ពាធបន្ថែមមកលើថ្លៃសាច់ក្នុងទីផ្សារ។

វិស័យចិញ្ចឹមសត្វនៅកម្ពុជា បើយោងរបាយការណ៍ខាងលើគូសបញ្ជាក់ថា «នៅឆ្នាំ២០២០ មានកំណើន០,៩% ឆ្នាំ២០២១ មានកំណើន២,២% ឆ្នាំ២០២២មានកំណើន១% និងនៅឆ្នាំ២០២៣នេះក្រសួងបានធ្វើការប៉ាន់ប្រមាណថានឹងកើនឡើងរង្វង់០,៨%ប៉ុណ្ណោះ»។

ស្ថិតក្នុងកាលៈទេសៈវិស័យចិញ្ចឹមសត្វនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប៉ាន់ប្រមាណថាមានកំណើន០,៨%។ពាក់ព័ន្ធនិងការចិញ្ចឹមនៅកម្ពុជា បើតាមលោកលី ឡាវិល ប្រធានក្រមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាធ្លាប់ប្រាប់ឱ្យដឹងថា នៅក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ការចិញ្ចឹមជ្រូកវាខុសពីសម័យមុន។សម័យមុនចិញ្ចឹមជ្រូករស់ប្រកួតជាមួយសត្វរស់ដែលនាំចូលមកពីប្រទេសជិតខាង តែសម័យនេះចិញ្ចឹមសត្វរស់ប្រកួតជាមួយសាច់បង្កកនាំចូល ហើយលើសពីនេះចំណីសត្វបច្ចុប្បន្ននៅទូទំាងពិភពលោកបានឡើងថ្លៃ ធ្វើឱ្យថ្លៃដើមផលិតសត្វថ្លៃជាងមុនរហូតដល់៣០% បើប្រៀបធៀបទៅនិងមុនពេលមានវិបត្តិជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែសាច់លក់នៅទីផ្សារបានតម្លៃថោក។

លោកបន្តថា «ទោះបីកម្ពុជាមានរោងចក្រផលិតចំណីសត្វនៅក្នុងស្រុក កសិករក៏មិនទាន់ងើបមកចិញ្ចឹមសត្វឡើងវិញដែរ បើមិនទាន់មានគោលនយោបាយច្បាស់លាស់ពីរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យចិញ្ចឹមសត្វនៅកម្ពុជា ឱ្យមានគោលនយោបាយផ្គត់ផ្គង់ច្បាស់លាស់ ថាតើសាច់បង្កកនេះត្រូវផ្គត់ផ្គង់ដោយរបៀបម៉េច ហើយសត្វរស់តើកសិករត្រូវផ្គត់ផ្គង់ដោយរបៀបណា?»៕

អត្ថបទ៖សារេត