ទស្សនវិស័យសម្រាប់ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់ប្រទេសថៃ នៅតែមានសន្ទុះខ្លាំង នៅឆ្នាំនេះ ដោយសារតែត្រូវបានជំរុញដោយកត្តាវិជ្ជមានមួយចំនួន រួមទាំងការកើនឡើងនៃតម្លៃគ្រឿងអលង្ការធ្វើពីប្រាក់ និងតម្រូវការត្បូងមួយចំនួន ដូចជាត្បូងទទឹម និងត្បូងកណ្តៀងជាដើម។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។
យោងតាមលោក Sumed Prasongpongchai នាយកវិទ្យាស្ថានត្បូង និងគ្រឿងអលង្ការថៃ បានបង្ហាញថា ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់ថៃ ដោយមិនរាប់បញ្ចូលមាស រំពឹងថាអាចនឹងកើនឡើងប្រហែល ១០% នៅក្នុងចំនួនទឹកប្រាក់ ៨,៨៤ពាន់លានដុល្លារ នៅឆ្នាំនេះ។
យ៉ាងណាមិញ សម្រាប់ប្រភេទត្បូងពណ៌ បានកត់ត្រាអំពីកំណើនតម្រូវការគួរឱ្យកត់សម្គាល់ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ១០០% នៅឆ្នាំនេះ ដោយសារតែប្រទេសថៃ ដើរតួជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុត សម្រាប់ទំនិញផ្នែកនេះ។
គួរឱ្យដឹងផងដែរថា ការនាំចេញត្បូង និងគ្រឿងអលង្ការ រួមទាំងមាស ថៃ បានជាប់នៅចំណាត់ថ្នាក់លេខ ៣ កាលពីឆ្នាំមុន ទាក់ទងជាមួយនឹងតម្លៃនៃការដឹកជញ្ជូនសរុប ស្របពេលតាមពីក្រោយដោយ រថយន្ត គ្រឿងបន្លាស់រថយន្ត កុំព្យូទ័រ និងគ្រឿងបន្លាស់កុំព្យូទ័រ។
ជម្រាបជូនថា នៅក្នុងឆ្នាំ ២០២២ កន្លងទៅ ផលិផលត្បូង និងគ្រឿងអលង្ការ (មិនរាប់បញ្ចូលមាស) រកចំណូលបាន ៨,០៣ពាន់លានដុល្លារ កើនឡើង ៣០,៣% បើធៀបទៅនឹងឆ្នាំ ២០២១ ពោលគឺស្មើទៅនឹង ២,៨% នៃការនាំចេញសរុបរបស់ប្រទេសថៃ។ ស្របពេលទីផ្សារសំខាន់ៗ រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ហុងកុង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស៕