គណបក្សភឿថៃ និងសម្ព័នមិត្តដូចជា គណបក្សឆ្ពោះទៅមុខ និងគណបក្ស Palang Pracharath ត្រូវបានរួចខ្លួនពីការអំពាវនាវ ឲ្យមានការរំសាយបក្ស ក្រោយគណៈកម្មាការរៀបចំការបោះឆ្នោតថៃ ហៅកាត់ EC ច្រានចោលនូវញត្តិចំនួន ៣ ដែលចោទគណបក្សទាំងនោះថា បានរំលោភបំពានច្បាប់។
យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា លោក Sawang Boonmee អគ្គលេខាធិការ EC បានសម្រេចបញ្ឈប់ការស៊ើបអង្កេត ពាក់ព័ន្ធនឹងញត្តិទាមទារឲ្យរំលាយគណបក្សខាងលើ ដែលប្តឹងដោយលោក Sonthiya Sawasdee អតីតទីប្រឹក្សានៃគណៈកម្មាធិការសភាផ្នែកច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្ស។
លោក Sonthiya បានចោទគណបក្សភឿថៃថា បានស្ថិតក្រោមការគ្រប់គ្រងពីជនភៀសខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បើទោះជាអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ រត់ភៀសខ្លួនទៅនៅក្រៅប្រទេស ១៥ឆ្នាំក្ដី។
អតីតទីប្រក្សានៃគណៈកម្មាធិការសភាផ្នែកច្បាប់រូបនេះអះអាងទៀតថា មូលហេតុដែលលោកហ៊ាននិយាយបែបនេះគឺ អំឡុងពេលឃោសនារកសន្លឹកឆ្នោត កូនស្រីរបស់ថាក់ស៊ីន អ្នកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា ប្ដេជ្ញាយកឈ្នះ ក្លាយជានាយករដ្ឋមន្ត្រី ដើម្បីបើកផ្លូវឲ្យថាក់ស៊ីន អាចវិលចូលស្រុកទេសវិញបាន ខណៈអតីតនាយករដ្ឋមន្ត្រីរូបនេះ ក៏បានកំណត់ថ្ងៃវិលមកប្រទេសថៃវិញ ប៉ុន្តែត្រូវបានពន្យារពេលវិញ។
យ៉ាងណា ភ័ស្ដុតាងទាំងអស់នេះ ហាក់មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ឲ្យ EC ធ្វើការសម្រេចរំសាយគណបក្សភឿថៃ ស្របពេលបច្ចុប្បន្នគណបក្សដឹកនាំដោយកូនស្រីថាក់ស៊ីន ទើបនឹងទទួលបានការចូលរួមពីគណបក្ស ៦ផ្សេងទៀត និងទទួលបានសម្លេងគាំទ្រ ២២៨អាសនៈ សម្រាប់សភា ដែលមានអាសនៈសរុប ៥០០៕