សាលាអាមេរិកាំងហ្គោលឌិនហ្គេត ប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យដោយជោគជ័យ

ជុំវិញ​ឧកញ៉ា

សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានរៀបចំកម្មវិធីបញ្ចប់ឆ្នាំសិក្សារបស់សិស្សានុសិស្សកម្រិតមត្តេយ្យសិក្សា និងប្រគល់វិញ្ញាបនបត្រ ជូនសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យដោយជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យនៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានរៀបចំឡើងក្រោមអធិបតីភាព ​លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា និងអាណា​ព្យាបាល​សិស្សជាច្រើន​នាក់។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យ ឧកញ៉ា ហេង សុគន្ធា អគ្គនាយិកា​នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត មានប្រសាសន៍ថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានយក​ចិត្តទុកដាក់លើការបង្រៀនដល់សិស្សានុសិស្សជាចម្បង ទាំងកម្មវិធីសិក្សាភាសាខ្មែរ និងកម្មវិធីសិក្សាភាសា​បរទេស។ ​សម្រាប់កម្មវិធីសិក្សាអន្តរជាតិ សាលាបានជ្រើសរើសគ្រូបរទេស បណ្តុះបណ្តាលភាសាដើមកំណើត​ទាំងអង់គ្លេស និងចិន ដែលមានគរុកោសល្យប្រកបដោយវិជ្ជាជីវៈ និងបទពិសោធយូរឆ្នាំ។

​ទន្ទឹមគ្នានេះ សាលាបានលើកកម្ពស់សមត្ថភាពគុណវឌ្ឍន៍ កិត្តិយស និងសេចក្តីថ្លៃថ្នូគ្រូបង្រៀន ​បន្តអភិវឌ្ឍន៍​កម្មវិធិសិក្សាថ្មីៗ ​ពង្រឹងវិធីសាស្រ្តបង្រៀន និងរៀនតាមវិធីសាស្រ្តថ្មីៗ ​ពង្រឹងទំនាក់ទំនងជិតស្និតរវាងសាលា និងឪពុកម្តាយសិស្ស និងបង្កើតការស្រាវជ្រាវឯកសារសិក្សាតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា​ ដើម្បីជំរុញការអភិវឌ្ឍន៍សមត្ថភាពសិស្សស្របតាមការវិវត្តនៃសង្គម និងបច្ចេកវិទ្យាថ្មី។ ជាក់ស្តែងកាល​ពីពេល​ថ្មីៗ​នេះ ​សាលាអាមេរិកាំងហ្គោលឌិនហ្គេត ទទួលបានសិទ្ធិអនុវត្តកម្មវិធីសិក្សាថ្នាក់អន្តរជាតិ(IB) ដែលជាកម្មវិធី​អប់រំដ៏ធំ និងល្បីល្បាញនៅលើពិភពលោក ដែលជាមាគ៌ានាំសិស្សានុសិស្សកម្ពុជាឈានឆ្ពោះទៅ​ការប្រកួតប្រជែង​កម្រិតអន្តរជាតិ។ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ តទៅ សាលា នឹងចាប់ផ្តើមទទួលពាក្យសិស្សចូលរៀន ចាប់ពីថ្នាក់បឋមដល់វិទ្យាល័យ ​ដែលមានអាយុ ៣ឆ្នាំ ដល់ ១៩ឆ្នាំ ។

លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការអបអរសាទរ​ចំពោះ​មាតាបិតា អាណាព្យាបាល ដែលកូនៗបានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យដោយជោគជ័យ និងឈានទៅកម្រិត​មួយទៀត។

ជាមួយគ្នានេះដែរ លោកបានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ នៃសាលាអាមេរិកាំង​ហ្គោល​ឌិនហ្គេត ដែលបានចូលរួមចំណែកជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា និងចូលរួមកសាងមូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងនូវគុណភាពអប់រំ និងការដាក់បញ្ចូលកម្មវិធី​សិក្សា​ជាតិ និងអន្តរជាតិ ជាពិសេសនោះគឺការអប់រំស្តង់ដាររបស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីផ្តល់ជា​ប្រយោជន៍​ដល់កុមារ និងយុវជនកម្ពុជា។

​បន្ថែមពីនេះ លោកជំរុញឱ្យសាលាទាំងអស់ ពង្រឹងចំណេះដឹងសិស្សានុសិស្ស ហើយត្រូវអមជាមួយគុណធម៌ សុជីវភាព និងសីលធម៌។

​ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យនេះដែរ ក៏មានការ​សម្តែង​សិល្បៈ និងកម្មវិធីកម្សាន្តផ្សេងៗ​ពីសិស្សានុសិស្សតូចៗ សាលាអាមេរិកាំងហ្គោលឌិនហ្គេត ផងដែរ៕