ប្រធានាធិបតីអាមេរិក ទំនងអាក់ខានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាខែក្រោយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទំនងនឹងមិនអាចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នាខែក្រោយនេះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា មេដឹកនាំអាមេរិកនឹងត្រូវចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា​ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ហើយនឹងបន្តឆៀងចូលប្រទេសវៀតណាម សម្រាប់​កិច្ចប្រជុំ​ទ្វេភាគី ប៉ុន្តែសម្រាប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងពីថ្ងៃទី ០៤ ដល់ទី ០៧ ខែកញ្ញា នៅប្រទេសឥណ្ឌូណេស៊ី គឺកំពុង​មានភាព​ស្រពេចស្រពិល​នៅឡើយ។

ដោយឡែក ប្រភពជិតស្និទ្ធមួយទម្លាយថា លោក បៃដិន នឹងមិនទៅប្រទេសឥណ្ឌូណេស៊ីឡើយ ខណៈប្រភពមួយទៀតបញ្ជាក់ថា ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន បានប្រាប់​ថា ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​ពី​ប្រធានាធិបតីអាមេរិក ទំនងមិនអាចកើតឡើងឡើយ។

យ៉ាងណា ខាងសេតវិមានបានបង្ហើបថា បច្ចុប្បន្ន​មិនទាន់មានដំណឹងច្បាស់លាស់នោះឡើយ ពោលត្រូវរង់ចាំពេលវេលាបន្ថែមទៀតសិន ទើបមានព័ត៌មានលំអិតទាក់ទងនឹងបញ្ហានេះ។

សូមជម្រាបដែរថា អ្នកវិភាគនយោបាយជាច្រើនសង្កត់ធ្ងន់ថា បើសិនជា ចូ បៃដិន ពិតជាមិន​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី ហើយបែរជាទៅប្រទេសឥណ្ឌា និងវៀតណាម​មែន នោះបណ្ដាប្រទេសផ្សេងទៀតនៅអាស៊ាន ច្បាស់ជាខកចិត្តជាខ្លាំង ហើយអាចនឹងធ្វើ​ឲ្យ​ចំណងមិត្តភាព​រវាងអាមេរិក និងអាស៊ាន ឈានដល់ចំណុច​ប្រេះស្រាំផងក៏ថាបាន៕