ណែនាំឱ្យស្គាល់ ក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន របស់ឧកញ៉ា ជឹង ធានសេង

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន (Phnom Penh Precast Plants) ​​របស់​លោក​ឧកញ៉ា ជឹង ធានសេង ​​​​​​ដែល​បាន​បង្កើត​ឡើង​រយៈពេល​ជិត ១០​ឆ្នាំ​មក​ហើយ ជា​ក្រុមហ៊ុន​សាងសង់​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ​ដ៏​ធំមួយ ​​​​និង​កំពុង​កាន់​គម្រោង​​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​ជា​ច្រើន នៅ​ពេល​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៣ ​ហើយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​កម្ពុជា ក្នុង​ការ​ផលិត​សសរគ្រឹះ បង្គោល​ភ្លើង និង​លូ​ធ្វើ​ពី​ស៊ីម៉ង់ត៍ ដែល​មាន​គុណភាព​តាម​ស្តង់ដារ​អន្តរជាតិ​ជាមួយ​នឹង​ការ​បំពាក់​នូវ​បច្ចេក​វិជ្ជា​ពី​ប្រទេស​អាល្លឺម៉ង់ និង​កូរ៉េ ដែល​បាន​ឆ្លើយតប​ទៅ​តាម​តម្រូវ​ការ​គ្រប់​ទីផ្សារ​ក្នុង​វិស័យ​សំណង់​ និង​ ការ​សាងសង់​​ហេដ្ឋារចនា​សម្ព័ន្ធ​នានា។

លោក​ឧកញ៉ា ជឹង ធានសេង ​ធ្លាប់​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​​របស់​លោក​ បាន​​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ២០១៣ និង​បាន​ចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​នៅក្នុង​ឆ្នាំ២០១៤ ក្រោម​ការ​បោះទុន​រួមគ្នា​របស់​វិនិយោគិន​ក្នុង​ស្រុក​ ដោយ​ចាប់ផ្ដើម​ពី​ការផលិត​បង្គោល​ភ្លើង​គ្រប់​ប្រភេទ និង​គ្រប់​ប្រវែង​ ដែល​រហូត​មក​ដល់​ពេល​នេះ​បង្គោល​ភ្លើង​របស់​ក្រុមហ៊ុន​ភ្នំពេញ ព្រីខាសផ្លេន ត្រូវ​បាន​ដំឡើង​នៅ​ទូទាំង​រាជធានី-ខេត្ត ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន បច្ចុប្បន្ន​កំពុង​កាន់​គម្រោង​ស្ថាបនា​ប្រព័ន្ធ​លូ​ទឹកស្អុយ​នៅ​រាជធានីភ្នំពេញ ជា​ច្រើន​ទីតាំង​ ​ហើយ​​ថ្មីៗ​កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​មួយ​នេះ​ ក៏​ទើប​បញ្ចប់​លើ​គម្រោង​សាងសង់​ប្រព័ន្ធ​លូមេ​រំដោះទឹក​ភ្លៀង​ជុំវិញ​បរិវេណ​ខាង​ក្រៅ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ ​​​មុន​ពេល​ដំណើរ​ការ​ប្រកួតព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម ឆ្នាំ២០២៣។ ​

សូម​ជម្រាប​ថា លោកឧកញ៉ា ជឹង ធានសេង អគ្គនាយក​ក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​អ្នកឧកញ៉ា ឡៅ ម៉េងឃីន និង​អ្នកឧកញ៉ា ជឹង សុភាព ហៅ «យាយភូ» ខណៈ​ដែល​ភរិយា​របស់​លោក គឺលោកជំទាវ ​តាន់ សឺយមួយ ក៏​ជា​អ្នកជំនួញ​មួយ​រូប​ផង​ដែរ៕