ជាង ២ឆ្នាំចុងក្រោយ អតីតមហាសេដ្ឋីស្រីមានបំផុតនៅចិន របូតលុយជិត ២៩ពាន់លានដុល្លារ

អន្តរជាតិ

លោកស្រី Yang Huiyan ធ្លាប់មានងារជា​មហាសេដ្ឋីស្រីមានបំផុតប្រចាំប្រទេសចិន ប៉ុន្តែ​គិត​តាំងពី​ខែមិថុនា ឆ្នាំ ២០២១ មកទល់ពេលនេះ មហាសេដ្ឋីរូបនេះរបូតទ្រព្យសម្បត្តិ​ប្រមាណ ២៨,៦ពាន់លានដុល្លារ និងបាត់បង់​តំណែងជា​មហាសេដ្ឋីស្រីមានបំផុតប្រចាំប្រទេសថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី​សារព័ត៌មាន Businessinsider បានបង្ហាញថា គិត​ចាប់ពីខែមិថុនា ឆ្នាំ ២០២១ មកទល់ខែតុលា ឆ្នាំ ២០២៣នេះ ទ្រព្យសម្បត្តិ​មហាសេដ្ឋីស្រីរូបនេះ របូតអស់​ប្រមាណ ៨៤% ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិ​របស់​លោកស្រីនៅសល់ប្រមាណ ៥,៥ពាន់លានដុល្លារ។

បន្ថែមពីនោះ ម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Country Garden Holdings រូបនេះ ក៏ទទួល​រងការ​ខាតបង់​មិនស្ទើរ​ផងដែរ ពោល​កាលពីថ្ងៃអង្គារ​កន្លងទៅ ក្រុមហ៊ុន​ទទួល​រងការពិន័យ​ប្រមាណ ៤៩០លានដុល្លារ ដោយសារ​ខកខាន​បង់ការប្រាក់។

មិនខុសពីក្រុមហ៊ុន​អចលនទ្រព្យនានា Country Garden Holdings ក៏មានបំណុលជុំទិស​ផងដែរ ស្របពេល​ការលក់ប្រចាំឆមាសទីមួយរបស់ក្រុមហ៊ុន ក៏បង្ហាញសញ្ញាមិនល្អទៀត ពោល​ទទួលបាន ១២៨,៧៦ពាន់លានយ៉ន់ ឬប្រមាណ ១៧,៨ពាន់លានដុល្លារ ធ្លាក់ចុះ ៣០% បើធៀបនឹងខែមុន។

សូមជម្រាបដែរថា បើទោះជារបូតលុយអស់ច្រើនសន្ធឹកក្ដី ប៉ុន្តែកាលពីចុងខែកក្កដា លោកស្រី Yang បានប្រកាសបរិច្ចាគចំណែកភាគហ៊ុនផ្ទាល់ខ្លួន នៅក្រុមហ៊ុន Country Garden ប្រមាណ ៥៥% ឬប្រមាណ ៨២៦លានដុល្លារ ទៅកាន់មូលនិធិដែលបង្កើតដោយប្អូនស្រីបង្កើតរបស់​ខ្លួន៕