នៅយប់ថ្ងៃទី១៦ ឧសភានេះ សម្ដេច ហ៊ុន សែន បានចេញប្រតិកម្មបដិសេធនឹងក្រុមហ៊ុនបរទេសមួយ ឈ្មោះGCG Asia Co., LTD ដែលបានយករូបថតសម្ដេច ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន (http://gcgasiacoin.com/) ដែលសរសេរថា សម្ដេចគឺជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ គោលបំណងរបស់ក្រុមហ៊ុននេះ គឺចង់ប្រើឈ្មោះសម្ដេច ហ៊ុន សែន បើកផ្លូវអាជីកម្មរបស់ខ្លួន។
ប្រមុខរដ្ឋាភិបាល
ដែលទើបទទួលបានព័ត៌មាននេះ
បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ខ្ញុំសូមបដិសេធព័ត៌មានដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ។
សូមអាជ្ញាធរ
និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ពិនិត្យតាមដាន
និងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទាទោសតាមច្បាប់ជាធរមានជាបន្ទាន់»។
អមជាមួយនឹងពាក្យថាដំណឹងសន្តិសុខជាតិជាបន្ទាន់នោះ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ក្រុមហ៊ុនខាងលើនេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជា ទៅប្រកាសថាជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាព Crypto Currency ទៀតផង។
«តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជាគឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ( Black List)។សូមប្រជាពលរដ្ឋ និងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញដូរប្រាក់ដែលគ្មានការអនុញ្ញាត្តិពីរាជរដ្ឋាភិបាលកម្ពុជា»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន៕
ប្រភព៖ thmeythmey.com