ឧកញ៉ា ប៉ិច បូឡែន អំពាវនាវអ្នកមានធនធាន អ្នកឧកញ៉ា ឧកញ៉ា ជួយវិនិយោគបន្ថែមលើវិស័យអប់រំ

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ​​បាន​អំពាវនាវ​​​ដល់​អ្នកមាន​ធនធាន អ្នកឧកញ៉ា ឧកញ៉ា ​​គួរ​ចែក​រំលែក​ធនធាន​​របស់​ខ្លួន​តាម​ដែល​អាច​ធ្វើ​បាន ទៅ​ជួយ​វិនិយោគ​លើ​វិស័យ​អប់រំ ​ដើម្បី​កសាង​ធនធាន​មនុស្ស​​​របស់​កម្ពុជា ឱ្យ​​មាន​ចំណេះ​ដឹង ជំនាញ ​​ឱ្យ​បាន​កាន់​តែ​ច្រើន ​និង​ដើម្បី​ភាព​រីក​ចម្រើន​លើ​គ្រប់​វិស័យ ព្រោះ​វិស័យ​ណា​ក៏​ដោយ​ សុទ្ធតែ​ត្រូវ​ការ​ធនធានមនុស្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ប៉ិច បូឡែន បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ កាលពី​ថ្ងៃទី១០ ខែសីហា ​ម្សិល​មិញ​ថា ​លោក​តែងតែស្នើសុំ ដល់​​អ្នក​មាន​ធនធាន រួម​ទាំង​អ្នកឧកញ៉ា ឧកញ៉ា ​ដែល​កំពុង​​វិនិយោគ​លើ​វិស័យ​ណា​ក៏​ដោយ​ បើ​សិន​ជា​អាច សូម​​ជួយ​ចែក​រំលែក​ធនធាន​ខ្លះ​ ដើម្បី​វិនិយោគ​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល។ លោក​បន្ត​ថា មាន​អ្នកខ្លះ​គិត​ថា ការ​វិនិយោគ​លើ​វិស័យ​អប់រំ ពុំ​សូវ​ទទួល​បានផល​ចំណេញ​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពួកគាត់​អាច​ដូរ​ការ​គិត​ខ្លះ​ហើយ ព្រោះ​ថា​គ្មាន​វិស័យ​ណា​​អាច​រីក​ចម្រើន​បាន ដោយ​រំលង​វិស័យ​អប់រំ​នោះ​ទេ។ អ្នក​ខ្លះ​គាត់​គិត​ថា​ គាត់​មិន​ស្រឡាញ់ គាត់​មិន​វិនិយោគ​ ប៉ុន្តែ​គាត់​កំពុង​វិនិយោគ​លើ​វិស័យ​ធនាគារ កម្មន្តសាល កសិកម្ម ឬ​វិស័យ​ទេសចរណ៍ ប៉ុន្តែ​កំពុង​អង្គុយ​រអូរ​រាល់​ថ្ងៃ​ថា​ខ្វះ​បុគ្គលិក​ធ្វើការ ឬ​ខ្វះ​បុគ្គលិក​​មាន​ចំណេះ​ជំនាញ។

ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ​​បាន​បន្ថែម​ថា៖ “ដូច្នេះ​សួរ​ថា តើ​​អាច​ទទួល​បាន​បុគ្គលិក​មាន​ចំណេះ​ជំនាញ​របៀប​ណា បើគាត់​មិន​បាន​ចូល​រួម​ចំណែក​​វិនិយោគ​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល? ទោះ​តិច ឬ​ច្រើន គួរ​តែ​ចូល​រួម​វិនិយោគ​​មក ដើម្បី​បាន​កម្លាំង​ពលកម្ម​ល្អ​មួយ​ សម្រាប់​​វិស័យ​ខ្លួន​ឯង។ ដូច្នេះ​ខ្ញុំ​សូម​អំពាវ​នាវ​តែ​ម្តង អ្នក​ដែល​មាន​ធនធាន គួរ​តែ​សម្លឹង​មើល​​ខាង​វិស័យ​អប់រំ ​ហើយ​ចូល​រួម​​ទៅ​តាម​ធនធាន​​ដែល​យើង​អាច​ធ្វើ​បាន គ្រប់​សកម្មភាព​​ទាំង​អស់ ដើម្បី​កសាង​ធនធាន​មនុស្ស​របស់​យើង ព្រោះ​បើ​ធនធាន​មនុស្ស​យើង​ទន់ ខ្ញុំ​មិន​ដឹង​ថា​វិស័យ​ណា ​​អាច​រឹង​ទៅ​រួច​ទេ ព្រោះ​គ្រប់​វិស័យ​ត្រូវ​ការ​​ឆ្លង​កាត់​មនុស្ស​ទាំង​អស់ ទោះ​បី​យើង​និយាយ​ថា​បច្ចេកវិទ្យា ឬ IA ក៏​ត្រូវ​ការ​មនុស្ស​ដើម្បី​បង្កើត និង​ដើម្បី​ប្រើប្រាស់​ដែរ”។

សូម​ជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា ​បាន​កំណត់​គោលដៅ​​ក្នុង​ការ​ផ្លាស់ប្តូរ​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​​ទាប ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ក្លាយ​ជា​ប្រទេស​​អភិវឌ្ឍន៍​នៅ​ឆ្នាំ២០៥០ ដូច្នេះ​ការ​ពង្រឹង​ និង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ ជា​កត្តា​អាទិភាព​មួយ សម្រាប់​ធ្វើ​ឱ្យ​គោលដៅ​នេះ​សម្រេច​បាន​ជោគជ័យ ដោយ​ពឹង​ផ្អែក​លើ​សមត្ថភាព​របស់​ប្រជាជន ​​​​ដែល​មាន​ចំណេះដឹង និង​ជំនាញ​ពាក់ព័ន្ធ ចូល​រួម​​​បំពេញ​ការងារ​ឱ្យ​បាន​ល្អ​ លើ​គ្រប់​វិស័យ​ទាំង​អស់៕