កាលពីថ្ងៃទី ១០ ខែសីហាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រដូចប្រទេសចិន ទៅនឹង “គ្រាប់បែកកំណត់ម៉ោង” ព្រោះតែមហាអំណាចអាស៊ីមួយនេះ កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ក្រោយកំណើនសេដ្ឋកិច្ចមានការងើបឡើងយឺត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
“ពួកគេកំពុងមានបញ្ហាមួយចំនួន ហើយនេះមិនមែនជាដំណឹងល្អឡើយ ព្រោះថានៅពេលមនុស្សអាក្រក់ជួបបញ្ហា ពួកគេនឹងធ្វើរឿងអាក្រក់ជាមិនខាន”។ នេះបើតាមសម្ដីរបស់ប្រធានាធិបតីអាមេរិក បានលើកឡើង។
គួររំលឹកដែរថា នេះមិនមែនជាលើកទីមួយឡើយ ដែលមេដឹកនាំមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោករូបនេះ បានឌឺដងទៅកាន់ចិន ពោលកាលពីខែមិថុនា លោក ចូ បៃដិន ក៏ធ្លាប់ហៅប្រធានាធិបតី ស៊ី ជិនពីង ជាជនផ្ដាច់ការថែមទៀត។
ជម្រាបបន្ថែមថា ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ហាក់មិនខ្វល់ពីការខំប្រឹងប្រែងរបស់ប្រមុខការទូតអាមេរិក Antony Blinken ដែលព្យាយាមរឹតចំណងរវាងអាមេរិក និងចិនឡើងវិញឡើយ ពោលរដ្ឋមន្ត្រីការបរទេសរូបនេះ និយាយច្បាស់ៗថា ទំនាក់ទំនងរវាងចិន និងអាមេរិក បានធ្លាក់ដល់ចំណុចទាបបំផុត តាំងពីចាប់ដៃគ្នាជាផ្លូវការ កាលពីឆ្នាំ ១៩៧៩៕