រុស្ស៊ី ចាប់ផ្ដើមបេសកកម្មនៅឋានព្រះចន្ទជាលើកដំបូង ក្នុងរយៈពេលជិត ៥០ឆ្នាំ

អន្តរជាតិ

នាថ្ងៃទី ១១ ខែសីហានេះ ប្រទេសរុស្ស៊ីបានចាប់ផ្ដើមបាញ់រ៉ុកកែតទៅកាន់ឋានព្រះចន្ទ ក្នុងគោលបំណងបំពេញបេសកកម្មជាលើកដំបូង ក្នុងរយៈពេលជិត ៥០ឆ្នាំចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា បេសកកម្មមួយនេះ នឹង​ជំរុញ​ទឹកចិត្ត​ដល់​វិស័យអវកាសរបស់រុស្ស៊ី ខណៈ​បេសកម្មដំបូងបំផុតនៅឋានព្រះចន្ទ ដែលរុស្ស៊ីធ្លាប់បានបំពេញ គឺនៅឆ្នាំ ១៩៧៦ ពោលគឺនៅពេលដែលសហភាពសូវៀត ដើរតួជាអ្នកត្រួសត្រាយផ្លូវ ទៅកាន់លំហអាកាស។

ការបាញ់បង្ហោះរ៉ុកកែតរបស់រុស្ស៊ី ធ្វើឡើងនៅកន្លែងបាញ់បង្ហោះយានអវកាស Vostochny Cosmodrome នាវេលាម៉ោង ២ និង ១០នាទីព្រឹក ម៉ោងនៅរុស្ស៊ី ឬប្រហែលម៉ោង ៦ និង ១០នាទីព្រឹកនៅកម្ពុជា ខណៈគេរំពឹងថា រ៉ុកកែតមួយនេះ នឹងឆ្ពោះទៅដល់លំហឋានព្រះចន្ទ ក្នុងរយៈពេល ៥ថ្ងៃទៀត។

បន្ទាប់ពីទៅដល់លំហឋានព្រះចន្ទ រ៉ុកកែតមួយនេះអាចនឹងចំណាយពេលចន្លោះពី ៣ ទៅ ៧ថ្ងៃ ក្នុងការស្វែងរកកន្លែងសមគួរ ដែលអាចចុះចតនៅលើផ្ទៃតំបន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទ។

ជម្រាបបន្ថែមថា ការចុះចតនៅតំបន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទនេះ នឹងចារជាប្រវត្តិសាស្ត្រ ដ្បិត​កន្លងមក ការចុះចតយាននៅលើឋានព្រះចន្ទ គឺធ្វើឡើងតែនៅលើផ្ទៃរាបស្មើតែប៉ុណ្ណោះ៕