ខេត្ត​ទាំង​៥នេះ នឹង​ទទួល​បាន​​​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ជា​​មួយ​អង្គការ​ស្វីស

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការស្វីស​ខន់​ថាក់ លើកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ដែល​គម្រោងផ្តោត​លើ​ការ​​បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងការជំរុញការបណ្តុះបណ្តាល និង​អភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច។ ការចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី ៥ សីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអនុវត្តគម្រោងនេះ នឹងត្រូវធ្វើឡើងនៅតាមខេត្តគោលដៅចំនួន ៥ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តព្រះវិហារ។ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ឆ្នាំ​២០២០​-​២០២៤ ធ្វើឡើងចំពេលវេលា និងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍ ជាពិសេសលើការជំរុញបណ្តុះបណ្តាលជំនាញថ្មី និងបន្ថែមក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក្នុងខេត្តគោលដៅទេសចរណ៍ទាំង៥ ដើម្បីទទួលបានចំណេះដឹង និងជំនាញ និងដើម្បីជាច្រកសម្រាប់បន្តការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម និងពេញមួយជីវិត។

គម្រោងនេះ ក៏នឹងចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលបង្កើតបានមូលធនមនុស្សសម្រាប់វិស័យទេសចរណ៍ លើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទខេត្តគោលដៅទេសចរណ៍ និងចូលរួមបង្កើតធនធានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលផងដែរ។

លោករដ្ឋលេខាធិការ បានឱ្យដឹងទៀតថា ដើម្បីជំរុញការអនុវត្តជំហានទី២ នៃកម្មវិធីអភិវឌ្ឍជំនាញឱ្យបានកាន់តែល្អប្រសើរ ក្រសួងទេសចរណ៍បានចាត់ឱ្យមន្ត្រីសួងចូលជាសហអនុប្រធានគណៈកម្មការអនុវត្តគម្រោងជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍​ និងកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះតំណាង SDC (ម្ចាស់ជំនួយ) ជាប្រធាន និង​តំណាងក្រសួងការងារជាសហអនុប្រធានផងដែរ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា សម្រាប់គម្រោងជំហានទី២ ផ្តោតសំខាន់លើការអភិវឌ្ឍជំនាញ (Re-Skilling and Up-Skilling) ជំរុញទីផ្សារការងារ ពង្រឹង​សហគ្រិន​ភាពក្នុងវិស័យទេសចរណ៍ និងការអនុវត្តបច្ចេកវិទ្យាក្នុងការអប់រំ និងបណ្តុះបណ្តាល ស្របតាមផែនការយុទ្ធសាស្ត្ររបស់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។

សូមរំលឹកថា កន្លងមកតាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញជំហានទី១ ក្រសួងទេសចរណ៍បានធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិ​បត្តិការ​ (SDC) អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះ​វិហារ​ ដោយបានបណ្តុះបណ្តាលយុវជន យុវនារី លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុង​កម្មវិធីសិក្សាពេញម៉ោងចំនួន ១៦០រូប (ស្រី ៦០រូប) កម្មវិធីបណ្តុះបណ្តាលខាងក្នុងចំនួន ៣៨៩រូប (ស្រី ២០០រូប) ប្រជាសហគមន៍ទេសចរណ៍ចំនួន ៤៨០រូប (ស្រី ៣៤០រូប) បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលចំនួន ៩១រូប និងបានវាយតម្លៃអ្នកជំនាញទេសចរណ៍ តាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ១,១៦៧រូប (ស្រី ៥៦១រូប)៕

ប្រភព៖ ក្រសួងទេសចរណ៍