អនុប្រធានសមាគមកសិករដំឡូងមីខ្មែរ៖ ដំឡូងមីឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំទៅ ធ្វើឱ្យកសិករផលិតមិនបារម្ភរឿងទីផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃដំឡូងមីហាក់បីមានសន្ទុះជាងឆ្នាំទៅ ពោលមានភាពល្អប្រសើរច្រើន បើធៀបនឹងឆ្នាំ២០២២ ដែលធ្វើឱ្យកសិករផលិតមិនសូវបារម្ភរឿងទីផ្សារ។នេះបើតាមលោក ឈៀង សុខវណ្ណនី អនុប្រធានសមាគមកសិករដំឡូងមីខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើលោក ឈៀង សុខវណ្ណនី បានឱ្យដឹងថា តម្លៃដំឡូងមីបច្ចុប្បន្នមានភាពល្អប្រសើរជាងឆ្នាំទៅ ដែលឆ្នាំមុន អំឡុងខែកក្កដា ដំឡូងមីស្រស់មានតម្លៃ២១០ ទៅ២២០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះមានតម្លៃ៣១០ទៅ៣២០រៀល ក្នុងមួយគីឡូក្រាម។សម្រាប់ដំឡូងក្រៀម មានតម្លៃចន្លោះពី៧០០ទៅ៧៥០រៀល ក្នុងមួយគីឡូក្រាម។ចំណែកទីផ្សារនាំចេញក្រៅស្រុកទៅកាន់ប្រទេសវៀតណាម និងថៃក៏មានតម្រូវការផងដែរ។

លោកបន្តថា ភាពល្អប្រសើរទាំងនេះហើយ ដែលជម្រុញប្រជាកសិករដែលផលិតបានហើយ មិនបារម្ភពីរឿងទីផ្សារ ព្រោះវិស័យដំឡូងមីល្អប្រសើរខ្លាំង ដោយផ្អែកលើសេដ្ឋកិច្ចវិស័យកសិកម្មជាវិស័យអទិភាព។

លោកក៏បានបន្តទៀតថា ម្យ៉ាងទៀតក៏មកពីការដាំមានលក្ខណៈជាសមាគមសម្រាប់នាំចេញផងដែរ ដោយបច្ចុប្បន្នសមាគមកសិករដំឡូងមីកម្ពុជាមានសមាជិក កសិករដាំប្រមាណជាង២ពាន់នាក់។សមាគមបានជួយជម្រុញការផលិតរបស់ប្រជាពលរដ្ឋឱ្យមានបច្ចេកទេសក្នុងការដាំដុះពីប្រពៃណីមកដាំលក្ខណៈបច្ចេកទេសវិញ ដើម្បីឱ្យមានចំណូលខ្ពស់ ក្នុងការនាំចេញទៅក្រៅប្រទេស ឬក្នុងស្រុក និងតាមបណ្តារោងចក្រនានា។

សមាគមកសិករដំឡូងមីខ្មែរមាននាទីខ្ពស់ក្នុងការជួយជម្រុញក្នុងការផលិតផល និងការនាំចេញ ឱ្យមានអតិផរណាល្អផងដែរ។ម្យ៉ាងវិញទៀត ក៏ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឱ្យសមស្រមទៅតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ហើយជម្រុញធ្វើឱ្យប្រសើរឡើងថែមទៀតគ្រប់សង្វាក់ផលិតកម្មដំឡូងមី ដើម្បីធានាថាឱ្យមុខរបរមួយនេះមានការអភិវឌ្ឍនិរន្តរភាព និងបង្កើតប្រាក់ចំណូលបន្ថែមដល់សមាជិកសមាជិកា និងកសិករដាំដំឡូងមី។ជាពិសេស ការជម្រុញដល់ការកែច្នៃដំឡូងមីជាសិប្បកម្មខ្នាតតូច មធ្យមរបស់ប្រជាកសិករ ឱ្យមានការរីកចម្រើនខ្ពស់ និងយល់ដឹងផ្នែកបច្ចេកទេសដាំដុះនិងការនាំចេញដំឡូងមីឱ្យសមស្របទៅតាមទីផ្សារបច្ចុប្បន្នផងដែរ។

គួរឱ្យដឹងថា កម្ពុជាមានផ្ទៃដីដំឡូងមីប្រមាណ៦សែនហិកតា រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរីជាដើម។ក្នុងនោះ ប្រទេសដែលទិញដំឡូងពីកម្ពុជាច្រើនជាងគេគឺប្រទេសថៃ និងវៀតណាម។(នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឈៀង សុខវណ្ណនី)

សូមជម្រាបផងដែរថា កម្ពុជា​បាន​នាំចេញ​ផលិតផល​ដំឡូង​មី​ប្រមាណ​ជិត ​១,២ ​លាន​តោន ​ទៅកាន់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ក្នុង​រយៈពេល​ ៥ ​ខែ ចាប់ពី​ខែមករា ដល់​ឧសភា ឆ្នាំ​ ២០២៣ ក្នុងនោះ ប្រទេស​វៀតណាម​ជិត ​៣៥​ ម៉ឺន​តោន និង​ប្រទេស​ថៃ ជិត​ ៨៣ ​ម៉ឺន​តោន​៕