ឧកញ៉ា កែវ មុំ ជាប់ឆ្នោតជា ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា កែវ មុំ ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី ​​ត្រូវ​​បាន​​សមាជិកក្រុមប្រឹក្សាភិបាលនៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ​​បោះឆ្នោត​គាំទ្រ​ឱ្យ​ជាប់​ជា ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ក្នុងអាណត្តិទី៤ នីតិកាលទី២ ​​កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ឧកញ៉ា កែវ មុំ បាន​ថ្លែង​អំណរគុណ​ដល់​សមាជិកក្រុមប្រឹក្សាភិបាលនៃសភាមុខរបរនិងមីក្រូសហគ្រាស​កម្ពុជា (CPMEC) ដែលបានផ្ដល់ទំនុកចិត្តដល់លោកស្រី​ បានបោះឆ្នោតជ្រើសរើសលោកស្រី​ ជាប្រធាន។ លោកស្រី​ឧកញ៉ា កែវ មុំ ​បាន​ឱ្យ​ដឹង​​ថា កម្មវិធី​បោះឆ្នោត​នេះគឺ មានការចូលរួមឃ្មាំមើលពីក្រសួងឧស្សាហកម្មបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ ដែលមាន​លោក​ សុន សេងហួត រដ្ឋលេខាធិការជាតំណាង ព្រមទាំងមាន​សមាជិក​សមាជិកា នៃសភាមុខរបរ និងមីក្រូសហគ្រាស មួយចំនួនផងដែរ។

លោកស្រីឧកញ៉ា កែវ មុំ នឹង​ក្លាយ​ជា​ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នៅ​អាណត្តិ​ថ្មី​នេះ ជំនួស​លោក​ទេសរដ្ឋមន្រ្តី សុន គន្ធរ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែល​ជាប្រធាន បានដឹកនាំ CPMEC និងជួយជ្រោមជ្រែងកន្លងមក រហូតដល់បច្ចុប្បន្ន។

សូម​ជម្រាប​ថា សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៥។ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ​​មាន​វិសាលភាព​ទូទាំង​ប្រទេសកម្ពុជា ហើយ​ដែល​ធ្វើ​សកម្មភាព​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​​ដល់​មុខរបរ និងមីក្រូសហគ្រាស ក្នុង​គោលបំណង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច ជួយ​បង្កើត​ធនធានមនុស្ស និង​ការ​បង្កើត​អាជីវកម្ម​ តាម​រយៈ​មុខរបរ និង​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​នៅ​ព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាភិបាល ​សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ​​មាន​អាណត្តិ ៥ឆ្នាំ៕