រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock ត្រូវបង្ខំចិត្តពន្យារពេលបំពេញដំណើរទស្សនកិច្ចទៅប្រទេសអូស្ត្រាលីភ្លាមៗ បន្ទាប់ពីមានបញ្ហាបច្ចេកទេសយន្តហោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យន្តហោះរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវបង្ខំបកក្បាលវិលត្រឡប់មកកាន់ទីក្រុង Abu Dhabi នៃសហព័ន្ធអារ៉ាប់រួម ដើម្បីធានានូវសុវត្ថិភាពរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ខណៈបញ្ហាបច្ចេកទេសដែលយន្តហោះនោះមានគឺ មិនអាចគ្រប់គ្រងការបញ្ជាស្លាបយន្តហោះបាន។
មួយវិញទៀត កងទ័ពអាកាសអាល្លឺម៉ង់បានបញ្ជាក់ច្បាស់ថា ក្រុមការងាររបស់ពួកគេកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ជួសជុលយន្តហោះនោះ ដើម្បីអាចឲ្យអ្នកស្រី Baerbock អាចបន្តដំណើរទស្សនកិច្ចទៅកាន់អូស្ត្រាលី បន្ទាប់ពីឆៀងចូលប្រទេសនូវែលហ្សេឡង់ និងប្រទេសហ្វីជី។
សូមជម្រាបដែរថា វាមិនមែនជាលើកទីមួយឡើយ ដែលរដ្ឋមន្ត្រីការបរទេសរូបនេះខកខានបំពេញទស្សនកិច្ចផ្លូវការជាមួយប្រទេសដទៃ ពោលកាលពីឆ្នាំទៅ អ្នកស្រីក៏អាក់ខានជំនួបជាមួយភាគីខាងអង់គ្លេសផងដែរ ដោយសារបញ្ហាអាកាសធាតុមិនអំណោយផល ដល់ការធ្វើដំណើរ៕