បទឆ្លងឆ្លើយគ្នាមួយបទរបស់តារាចម្រៀង ខេម និង តន់ ច័ន្ទសីម៉ា មានចំណងជើងថា “ចង់សុំWifi” ចេញផ្សាយនៅលើយូធូបកាលពី៣សប្ដាហ៍មុននោះ ឥឡូវនេះបានបំបែកកំណត់ត្រាមួយនៅលើប្រព័ន្ធ TikTok។
តាមព័ត៌មានទទួលបាន គិតត្រឹមរសៀលថ្ងៃទី ៦សីហា នេះបទចម្រៀងរបស់តារាប្រុស ស្រីទាំងពីរ បាននិង កំពុងឈរនៅលំដាប់លេខ១ ក្នុងនាមជាបទចម្រៀងជាតិដែលមានអ្នកពេញចិត្ត ហើយយកទៅធ្វើវីដេអូកម្សាន្តសប្បាយបន្តបង្ហោះនៅលើកម្មវិធីពេញនិយមរបស់ចិនមួយនេះ។ នេះបើតាមលោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានបង្ហើបឲ្យដឹង។
លោក យឹម តាស្រង់ ប្រាប់ថា ថ្មីៗនេះលោកបានឲ្យក្រុមការងាររបស់លោកធ្វើការស្រាវជ្រាវមើលនៅលើកម្មវិធី TikTok ដើម្បីចង់ដឹងពីលទ្ធផលនាំមុខសម្រាប់ជាតិ នាមជាបទចម្រៀងដែលត្រូវបានអ្នកប្រើប្រាស់យកកាត់តធ្វើវីដេអូបង្ហោះលេងកម្សាន្តបន្ត។ ជាលទ្ធផល បទ “ចង់សុំ Wifi” របស់ផលិតកម្មលោក ច្រៀងតារាចម្រៀង ខេម និង តន់ ច័ន្ទសីម៉ា ស្ថិតនៅលើគេ។
ទិន្នន័យនេះបានធ្វើឲ្យថ្នាក់ដឹកនាំផលិតកម្មខាងលើមានការភ្ញាក់ផ្អើល។ តាស្រង់ លើកឡើងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងមិនជឿពិតមែន និងពិតជារឿងនឹកស្មានមិនដល់។ តាមតួលេខបញ្ចេញដោយអ្នកដឹកនាំរូបនេះ បទ “ចង់សុំ Wifi” មានអ្នកប្រើប្រាស់នៅលើកម្មវិធី TikTok របស់ចិន យកថត (ចម្រៀង Background) វីដេអូបន្តដល់ទៅចំនួនដល់ទៅជិត ៤០ម៉ឺនវីដេអូប៉ុណ្ណោះ ពោលគឺ 398.1k។
តួលេខនេះ នាំឲ្យបទរបស់ ខេម និង សីម៉ា ឈរនៅលំដាប់លើគេ នាមជាបទចម្រៀងជាតិពេញនិយមបំផុតលើ TikTok ដោយឡែកលេខ២ បានទៅលើបទរបស់ផលិតកម្មក្នុងស្រុកមួយផ្សេងទៀតដែលតួលេខប្រើប្រាស់ចំនួនជាង ៣៦ម៉ឺនវីដេអូ។ យ៉ាងណា របាយការណ៍របស់លោក យឹម តាស្រង់ មិនមានបង្ហាញពីបទចម្រៀងលំដាប់លេខ៣នោះទេ។
តោះ…ស្ដាប់បទនេះម្ដងទៀតមើល៍៖
ប្រភព៖ Sabay