កាលពីពេលថ្មីៗនេះ អ្នកធុរកិច្ចមានមុខមាត់ លោក Prayudh Mahagitsiri ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយ ហៅកាត់ NACC បញ្ជាក់ពីការកាត់ទោសឲ្យជាប់ពន្ធនាគារ ដោយសារជាប់ពាក់ព័ន្ធ នឹងបោកបន្លំឯកសារដីធ្លីដែលមានតម្លៃសរុបប្រមាណ ៤០០លានបាត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន TheThaiger បានបង្ហាញថា តុលាការបានសម្រេចឃុំខ្លួនអ្នកជំនួញម្នាក់នេះ ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និង ៨ខែ បន្ទាប់ពីរកឃើញថា លោកបានចូលដៃចូលជើង ជាមួយនឹងការរំលោភបំពានដីធ្លីប្រមាណ ៣ហិចតា នៅស្រុកមឿង ដោយបានបន្លំចុះបញ្ជីខុសឈ្មោះម្ចាស់កម្មសិទ្ធ កាលពីប៉ុន្មានឆ្នាំមុន។
រឿងដែលគួរឲ្យហួសចិត្តទៀតនោះគឺ អ្នកជំនួញជនជាតិថៃរូបនេះបានលក់ដីធ្លីមួយកន្លែងនោះ កាលពីឆ្នាំ ២០១៧ និងទទួលបានទឹកប្រាក់ប្រហែល ៤០០លានបាត។
សូមជម្រាបដែរថា ដីធ្លីដែលលោក Prayudh បានក្លែងឯកសារធ្វើជាម្ចាស់កម្មសិទ្ធនោះគឺ ជាកម្មសិទ្ធរបស់រដ្ឋ ប៉ុន្តែដោយមានការឃុបឃិតពីអតីតមន្ត្រីពុករលួយ ១០នាក់ នៅក្រសួងដែនដីថៃ ទើបមានការចុះបញ្ជីកម្មសិទ្ធឲ្យទៅអ្នកធុរកិច្ចម្នាក់នេះ៕