ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន ប្រាប់មូលហេតុរៀនបរិញ្ញាបត្រផ្នែក IT តែបន្តយកអនុបណ្ឌិត ផ្នែកធុរកិច្ចវិញ នៅសហរដ្ឋអាមេរិក

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន ធុរជនវ័យក្មេងក្នុងវិស័យបដិសណ្ឋារកិច្ច និងគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ៥ នៅកម្ពុជា ​​​​បាន​ប្រាប់​ពី​មូលហេតុ​​​ដែល​លោក​បញ្ចប់​ការសិក្សាថ្នាក់​បរិញ្ញាបត្រ​ ​ផ្នែក​ព័ត៌មានវិទ្យា (IT) ​​ប៉ុន្តែ​បែ​ជា​បន្ត​លើ​ជំនាញ​ផ្សេង គឺ​ផ្នែក​ធុរកិច្ច សម្រាប់​ថ្នាក់​អនុបណ្ឌិត នៅ​​សហអាមេរិក មុន​វិល​ត្រឡប់​មក​បម្រើការងារ​នៅ​មាតុប្រទេស​ លើ​ទឹកដី​កម្ពុជា​វិញ​ នៅ​ឆ្នាំ២០១៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន ​​​ដែល​ជា​កូន​ទី២ ក្នុង​ចំណោម​បងប្អូន​ចំនួន​៣នាក់ ក្នុង​គ្រួសារ ​​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់ទី៩ នៅ​វិទ្យាល័យ​បាក់ទូក។ បន្ទាប់​មក លោក​ត្រូវ​បាន​ក្រុមគ្រួសារ​ បញ្ជូន​ឱ្យ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក រហូត​ដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ លើ​​ផ្នែក​​ព័ត៌មានវិទ្យា ជំនាញ​អភិវឌ្ឍន៍​កម្មវិធី (Programming)។ លោក​ឧកញ៉ា ​​ក៏​បាន​បន្ត​​​យក​​សញ្ញាបត្រ​អនុបណ្ឌិត ផ្នែក​ធុរកិច្ច នៅ​សហរដ្ឋអាមេរិក ​ព្រម​ទាំង​បាន​ចេញ​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​អាមេរិក ជាង ២ឆ្នាំ ទើប​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ឆ្នាំ២០១៤ ​​ហើយ​បាន​ចូល​បម្រើការ​នៅ​ក្រុមហ៊ុន SUN & MOON Group រហូត​មក​ដល់​បច្ចុប្បន្ន។

លោក​ឧកញ៉ា បាន​​ថ្លែង​ឱ្យ​ដឹង​​ក្នុង​បទសម្ភាសន៍​ជាមួយ Oknha News ​យ៉ាង​ដូច្នេះ​ថា៖ «តាមពិត​​អ្នកខ្លះ​គាត់​សួរ​ថា ម៉េច​បាន​រៀន​ជំនាញ​ IT នៅ​ថ្នាក់​បរិញ្ញាបត្រ ​​តែ​ដល់​ថ្នាក់​អនុបណ្ឌិត​ទៅ​រៀន​ផ្នែក​ធុរកិច្ច​វិញ? ចម្លើយ​របស់​ខ្ញុំ ទី១​ផ្នែក​ព័ត៌មានវិទ្យា (IT) ​គឺជា​ចំណង់​ចំណូលចិត្ត តែ​នៅ​ពេល​យើង​ផ្តោត​មក​វិញ តើ​យើង​ប្រើ IT ​បន្ត​ទៅ​លើ​ផ្នែក​អ្វី​ទៀត? បាន​ខ្ញុំ​យល់​ថា​ជំហាន​បន្ត​គឺ​យើង​ប្រើ​លើ​ផ្នែក​ធុរកិច្ច​នេះ​តែ​ម្តង។ នៅ​ពេល​យើង​ក្រឡេក​មក​មើល​វិញ នៅ​សព្វ​ថ្ងៃ​នេះ​ បើ​យើង​ផ្តោត​លើ​ផ្នែក​ធុរកិច្ច​សុទ្ធសាធ ហើយ​យើង​មិនមាន​ភាព​ជឿន​លឿន​ផ្នែក​ព័ត៌មានវិទ្យា​ទេ ក៏​មាន​ការ​លំបាក​ដែរ។ ដូច្នេះ​បូក​ផ្សំ​ជំនាញ​ទាំង​ពីរ​នេះ​មក គឺ​បាន​ផ្តល់​នូវ​ចំណេះ​វិជ្ជា​ច្រើន»។

ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន ​​បាន​បន្ថែម​ថា សព្វថ្ងៃ​នេះ​ ផ្នែក​ព័ត៌មាន​វិទ្យា​មាន​ការ​រីក​ចម្រើន​លឿន​មែន​ទែន ស្ទើរ​អាច​និយាយ​បាន​ថា ផ្នែក IT គឺ​ជា​អ្នក​ដឹកនាំ​​ផ្នែក​​ផ្សេងៗ​ទាំង​អស់។ ជាពិសេស​ដូច​ជា​នៅ​ SUN & MOON Hotel Riverside គឺ​​បាន​ផ្តោត​ច្រើន​​លើ​ IT។ ឧទាហរណ៍​ ផ្នែក​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ ឥឡូវ​ពេល​ភ្ញៀវ​អញ្ជើញ​មក​ដល់​សណ្ឋាគារ ពួកគាត់​អាច​ទាញ​យក​កម្មវិធី App លើ​ទូរស័ព្ទ​ដៃ របស់ SUN & MOON ​ហើយ​គាត់​អាច​ទាក់ទង​​បុគ្គលិក​សណ្ឋាគារ​ ដោយ​ពុំ​ចាំបាច់​លើក​ទូរស័ព្ទ​និយាយ​ដូច​ពី​មុន​ទេ ហើយ​នៅ​ពេល​គាត់​ត្រូវ​ការ​កក់​សេវាកម្ម​ផ្សេងៗ គឺ​គាត់​អាច​ប្រើប្រាស់ App នេះ​បាន។ នេះ​ជា​ចំណែក​មួយ​នៃ​ផ្នែក​ព័ត៌មានវិទ្យា ដែល​ក្រុមហ៊ុន​របស់​លោក​​បាន​​​ដាក់​បញ្ចូល​មក ដោយ​​ព្យាយាម​បង្កើត​យ៉ាង​ណា ដើម្បី​អាច​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវ ឱ្យ​កាន់​តែ​មាន​ភាព​ងាយស្រួល។

សូម​ជម្រាប​ថា ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន បច្ចុប្បន្ន​ជា​អគ្គនាយករងក្រុមហ៊ុន SUN & MOON GROUP និងជាប្រធាន​សមាគម សណ្ឋា​គារ​​កម្ពុជាអាណត្តិថ្មី។ លោក​ជាកូន​ប្រសារ​អ្នកឧកញ៉ា ជា រតនា អគ្គនាយកក្រុមហ៊ុន សណ្ឋាគារ សាន់ អ៊ែនមូន គ្រុប និងជាទីប្រឹក្សាផ្ទាល់​សម្តេច​តេជោនាយករដ្ឋមន្រ្តី។ លោក រ៉ាត់ ដារ៉ារ័ត្ន ​​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិតកិត្តិយស​ ផ្នែក​ធុរកិច្ច​ពី​សាកលវិទ្យាល័យ​កម្ពុជា នៅ​ឆ្នាំ២០១៩។ កាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ​​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ជា «ឧកញ៉ា» ជាមួយ​នឹង​ភរិយា​របស់​លោក គឺ​លោកស្រី ជា ឡាក់គី៕