បុគ្គលិកជាន់ខ្ពស់ម្នាក់ ក្រុមហ៊ុនអ្នកឧកញ៉ា លី យ៉ុងផាត់ នឹងក្លាយជាអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មី

ជុំវិញ​ឧកញ៉ា

លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង​ជា​ទីប្រឹក្សា​​ជាន់ខ្ពស់​ផ្នែកព័ត៌មានទូរទស្សន៍ PNN ​​ដែល​ស្ថានីយទូរទស្សន៍​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ ​​​​នឹង​ក្លាយ​ជា​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថ្មី ​ក្រោម​ការ​ដឹកនាំ​របស់​ ឯកឧត្តម​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅ​អាណត្តិទី៧​នេះ។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​សម្តេចតេជោ ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី១៤ ខែសីហា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ពិធី​សំណេះសំណាល និង​ពិសាអាហារ​សាមគ្គី ជាមួយ​​អ្នកសារព័ត៌មាន​​​​ជាង ១០០នាក់ ដែលតាមយក​ព័ត៌មាន​អំពីសកម្មភាពការងាររបស់សម្ដេចជាច្រើនឆ្នាំ នៅ​វិមាន​សន្តិភាព កាល​ពី​​​ព្រលប់​ម្សិល​មិញ​នេះ ​​សម្តេច​តេជោ បានប្រកាសថា លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល អណត្តិទី៧ ខណៈ​ដែល​លោក ប៉ែន បូណា ក៏​​ស្ថិត​ក្នុង​ពិធីនោះ​ដែរ ព្រម​ទាំង​​ទទួល​បាន​ការ​បំពាក់​មេដាយ​ពី​សម្តេចតេជោ ផង​ដែរ។

លោក បូណា ត្រូវបានចាត់ទុកជាអ្នកកាសែតចាស់វស្សាប្រកបដោយសក្តានុពល ទេពកោសល្យ ចំណេះដឹង​ជ្រាលជ្រៅក្នុងវិស័យព័ត៌មាន។ លោកក៏ជាអ្នកតាមដានព្រឹត្តិការណ៍សង្គម នយោបាយទាំងក្នុងស្រុក និង​អន្តរជាតិ ហើយធ្វើការវិភាគអធិប្បាយប្រកបដោយតម្លាភាពកំពុងទទួលបានប្រជាប្រិយភាព។ លោកកំពុងដឹកនាំ​ស្ថាប័នក្រៅរដ្ឋាភិបាលមួយក្នុងវិស័យព័ត៌មាន គឺប្រធានក្លិបអ្នកកាសែតកម្ពុជា ចំនួន ២ អាណត្តិ រយៈពេល៨ឆ្នាំ ដែលប្រមូលផ្តុំដោយអ្នកសារព័ត៌មាន ហើយធ្វើការបណ្តុះបណ្តាល ដើម្បីជាអាវុធអាវក្រោះ​ក្នុងអាជីព​អ្នក​កាសែត។

លោក ប៉ែន បូណា អតីតអ្នកសារព័ត៌មានកាសែតរស្មីកម្ពុជា និងអតីតនិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា អស់ជាច្រើនឆ្នាំ មុនឈានជើងកាន់មុខដំណែងនិពន្ធនាយកព័ត៌មានទូរទស្សន៍ PNN។ លោក សម្រេចលាលែងតំណែង​ជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ក្រោយលោកទទួលបានការតែងតាំង​ជារដ្ឋលេខាធិការក្រសួងព័ត៌មាន កាល​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប៉ែន បូណា ​ត្រូវ​បាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​សម្រេចចាត់តាំងប្រគល់ភារកិច្ច ឱ្យ​ទទួលបន្ទុក​ការងារសម្របសម្រួលពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារសមាគម​សារព័ត៌មាន៕