តួកម៉េនីស្ថាន ចង់ពង្រឹងកិច្ចសហការលើវិស័យទេសចរណ៍ជាមួយកម្ពុជា តាមរយៈការភ្ជាប់ជើងហោះហើរ

សង្គម​ និង​សេដ្ឋកិច្ច

តួកម៉េនីស្ថាន ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា តាមរយៈការភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជាឱ្យបានមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៉ីកណ្ដាល ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។នេះបើយោងតាមជំនួបរវាង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា កាលថ្ងៃទី១៤ ខែសីហា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ បានលើកឡើងថា ដោយសារការមើលឃើញពីសក្ដានុពលទេសចរណ៍កម្ពុជាយ៉ាងដូច្នេះហើយ ភាគីតួកម៉េនីស្ថានចង់ពង្រឹងទំនាក់ទំនងជាមួយកម្ពុជាលើវិស័យទេសចរណ៍នេះឱ្យកាន់តែរឹងមាំឡើង ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមក និងទេសចរប្រទេសទី៣។

ដោយលោកបានបន្តថា៖«រដ្ឋាភិបាលតួកម៉េនីស្ថានមានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសខ្លួនមកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ាន ដើម្បីឱ្យភ្ញៀវទេសចរនៅប្រទេសតួកម៉េនីស្ថាន និងភ្ញៀវទេសចរប្រទេសជុំវិញបានមកទស្សនាខេត្តសៀមរាប តំបន់រមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ»។

ជាការឆ្លើយតប លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគាំទ្រចំពោះបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ និងបានប្ដេជ្ញាបន្តកិច្ចសហការជាមួយភាគីតួកម៉េនីស្ថាន។ លោករដ្ឋមន្រ្តី ក៏បានផ្ដល់យោបល់ឱ្យមានការរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា និងភាគីតួកម៉េនីស្ថាន ដើម្បីជាផែនទីបង្ហាញផ្លូវមួយសម្រាប់អនុវត្តផែនការសកម្មភាពដែលពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ និងជាសក្ខីភាពដ៏រឹងមាំនៃប់ចំណងមិត្តភាពនៃប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ដែរថា តួកម៉េនីស្ថាន គឺជាប្រទេសមួយក្នុងចំណោមក្រុមប្រទេសនៅតំបន់អាស៉ីកណ្ដាលទាំង៥ (កាហ្សាក់ស្ថាន កៀរហ្ស៉ីស៉ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន) ក្រុមប្រទេសនៅតំបន់អាស៉ីកណ្ដាលទាំងនេះមិនទាន់មានប្រទេសណាភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានៅឡើយទេ។

តាមរយៈបំណងខាងលើនេះ ក្រសួងទេសចរណ៍ បានរំពឹងដែរថា នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង៣.០៤លាននាក់រួចទៅហើយ៕

អត្ថបទ៖ ពិសី