ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាក្រុមហ៊ុនអប់រំឯកជនដំបូងគេដែលបានចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា បានចេញរបាយការណ៍លទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន នៅក្នុងត្រីមាសទី២ឆ្នំា២០២៣នេះ រកបានប្រាក់ចំណូលជាង១៨លានដុល្លារអាមរិក។
បើតាមរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញថា ក្រុមហ៊ុនទទួលបានចំណូលសរុបប្រមាណ ១៨,៨លានដុល្លារអាមេរិក នៅត្រីមាសទី២ដំបូង ក្នុងឆ្នាំ២០២៣ ដោយមានការកើនឡើងជាង ៦,៣លានដុល្លារ ស្នើនឹង៥១% ធៀបនឹងត្រីមាសទី២ដំបូង ក្នុងឆ្នាំ២០២២កន្លងទៅ ដែលកើនត្រឹមតែ ១២,៤លានដុល្លារអាមេរិក។
បើតាមរបាយការណ៍ខាងលើបញ្ជាក់ថា« ភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុដ៏រឹងមាំនេះ បណ្តាលមកពីកត្តាមួយចំនួន។កត្តាដំបូងនិងសំខាន់បំផុតនោះគឺ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក អាចរៀបចំសម្របខ្លួនបានភ្លាមៗ ទៅនឹងស្ថានភាពអប់រំអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ថ្វីបើពេលនោះ អ្វីៗធ្វើឡើងដោយបណ្តោះ អាសន្ន ប៉ុន្តែដោយមានកំណែទម្រង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ទើបក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក អាចបន្តប្រតិបត្តិការផ្តល់សេវាអប់រំនិងត្រលប់មកបង្រៀនដូចដើមបានភ្លាមៗ នៅពេលប្រទេសដទៃទៀតក្នុងសកលលោកអាចវិលត្រលប់មកសភាពធម្មតាវិញ»។
លើសពីនេះ បើតាមរបាយការណ៍ក្រុមហ៊ុនបានប្រមូលបានប្រាក់ចំណេញដុលជាង ១២,៣លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធប្រមាណជាង ៣,២លានដុល្លារអាមេរិក។ ពិតណាស់ ទឹកប្រាក់បានកើនឡើងគួរឱ្យកត់សម្តគាល់ ប្រមាណ ៤,០៤លានដុល្លារអាមេរិក និង ១,០៥លានដុល្លារអាមេរិក បើធៀបទៅនឹង៦ខែដំបូងនៃឆ្នាំមុន។
បើក្រឡេកមើលស្ថានភាពហរិញ្ញវត្ថុរបស់ក្រុមហ៊ុន តាមឆ្នាំហិរញ្ញវត្ថុចុងគ្រា ដែលបានបិទបញ្ចប់នៅខែធ្នូឆ្នាំ២០២២កន្លងទៅ យើងអាចមើលឃើញថា ទ្រព្យសកម្មសរុបមានចំនួនជាង ៦,៥លានដុល្លារអាមេរិក បានកើនដល់ទៅជាង ៨០,៤លានដុល្លារអាមេរិក។ ការណ៍នេះ បញ្ជាក់ឱ្យឃើញថា អត្រាកើនឡើងមានដល់ទៅ៩% ធៀបនឹងចំនួនជាង ៧៣,៨លានដុល្លារអាមេរិក យោងតាមរបាយការណ៍ដែលបិទបញ្ចប់នៅឆ្នាំកន្លងទៅ។ ម្យ៉ាងវិញទៀត មូលធនសរុបក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពោលកើនពីជាង ១៧,៩លានដុល្លារអាមេរិក ទៅ ២២,៧លានដុល្លារអាមេរិក ស្មើនឹងកំណើន២៦.៤% ។ បំណុលសរុបបានកើនឡើងជាង ១,៨លានដុល្លារអាមេរិក ស្មើនឹង៣.៣% ពោលកើនពីជាង ៥៥,៩លានដុល្លារអាមេរិក ទៅ ជាង៥៧,៧លានដុល្លារអាមេរិក៕
អត្ថបទ៖សារេត