ព្រះរាជក្រឹត្យគ្រប់គ្រង ផ្តល់ និងបញ្ចប់គោរមងារឧកញ៉ា ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ឡាយព្រះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ មានចំនួន១២ទំព័រ ព្រមទាំងមានចំនួន ១០ជំពូក និង២៥មាត្រា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យគ្រប់គ្រងឧកញ៉ា លេខ នស/រកត/០៨២៣/១៧៣២ ចុះថ្ងៃទី៤ សីហានេះ ក៏ត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្រ្តីប្រចាំការ កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

ព្រះរាជក្រឹត្យនេះមានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ាជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រពលរដ្ឋខ្មែរដែលមានគុណបំណាច់ផ្ទាល់ខ្លួនចូលរួមអភិវឌ្ឍនិងកសាងជាតិព្រមទាំងការគ្រប់គ្រងនិងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរទំនៀមទម្លាប់ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ព្រះរាជក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះរូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលទទួលបានគោរមងារឧកញ៉ានៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងព្រះរាជក្រឹត្យដដែលនេះ ក៏បានបញ្ជាក់អំពីស្ថាប័នមានសត្ថកិច្ចក្នុងការពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ាដែលជាសមត្ថកិច្ចរបស់គណៈកម្មការអន្តរក្រសួងមកពីទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា។

ជាមួយគ្នានោះ នៅក្នុងព្រះរាជក្រឹត្យចំនួន ១០ជំពូក ២៥មាត្រានោះ ក៏មានកំណត់អំពីឯកសណ្ឋាន សញ្ញាស័ក្តិ សញ្ញាសម្គាល់ និងបន្តោងខ្សែកផ្លូវការប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗរបស់គោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។

នៅក្នុងព្រះរាជក្រឹត្យខាងលើបានកំណត់អំពីសិទ្ធិកាតព្វកិច្ចរបស់លោកអ្នកឧញ៉ា អ្នកឧកញ៉ា ឧកញ៉ា ដូចជាការចូលរួមថែរក្សាការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ, បង់វិភាគទានប្រចាំឆ្នាំ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ លើកលែងតែគោរមវន្តដែលមានចំណេះជំនាញពិសេសលើវិស័យណាមួយដែលទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចជាតិឬអន្តរជាតិ, ចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិតាមការអំពាវនាវឬសំណូមពររបស់រាជរដ្ឋាភិបាល,ចូលរួមលើកកម្ពស់ការគោរពសិទ្ធិមនុស្សនិងការងារមនុស្សធម៌ក្នុងសង្គមជាត។

ដោយឡែកចំពោះចំនួនថវិកាត្រូវបង់វិភាគទានប្រចាំឆ្នាំដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលត្រូវបានកំណត់ដោយអនុក្រឹត្យ

ព្រះរាជក្រឹត្យនេះមិនប៉ះពាល់ដល់គោរមងារឧកញ៉ាដែលត្រូវបានផ្តល់មុនពេលព្រះរាជក្រឹត្យនេះចូលជាធរមានឡើយ ប៉ុន្តែគោរមវន្តទាំងអស់ត្រូវអនុវត្តសិទ្ធិនិងកាតព្វកិច្ចដែលមានកំណត់ក្នុងព្រះរាជក្រឹត្យនេះ។ មន្រ្តីរាជការសាធារណៈដែលកំពុងបំពេញការងារក្នុងក្របខណ្ឌក្រសួងស្ថាប័នរបស់រដ្ឋ កងយោធពលខេមរភូមិន្ទ និងមន្រ្តីនគរបាលជាតិ ដែលទទួលបានគោរមងារឧកញ៉ាមុនព្រះរាជក្រឹត្យនេះចូលជាធរមានត្រូវធ្វើការស្នើសុំលាឈប់ប្រើប្រាស់គោរមងារឧកញ៉ាបន្ទាប់ពីព្រះរាជក្រឹត្យនេះចូលជាធរមាន៕