ផ្លូវដែកចិន-ឡាវ ជំរុញពាណិជ្ជកម្មនៃការនាំចេញផ្លែឈើថៃទៅកាន់ប្រទេសចិន រាប់សិនលានដុល្លារ

អន្តរជាតិ

តាមរយៈសារព័ត៌មាន Xinhua បានចុះផ្សាយថា ការនាំចេញផ្លែឈើរបស់ថៃទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវ មានការកើនឡើងគួរអោយកត់សំគាល់ ជាពិសេសការនាំចេញទុរេនមានដល់ទៅ ៣៦៥% ក្នុងរយៈពេល ៥ខែដំបូងនៅឆ្នាំ២០២៣នេះ ដោយសារតែអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការចំណេញពេលវេលាជាងមុនក្នុងការដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះដែរ អគ្គនាយកនៃនាយកដ្ឋាន​ចរចាពាណិជ្ជកម្ម (DTN) ក្រោមក្រសួងរបស់ថៃ លោកស្រី Auramon Supthaweethum បាននិយាយថា ការនាំចេញផ្លែឈើរបស់ថៃ ទៅកាន់ប្រទេសចិន បានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីផ្លូវដែកចិន-ឡាវបានចាប់ផ្តើមដំណើរការក្នុងខែធ្នូ ឆ្នាំ២០២១កន្លងទៅ ដោយកត់សម្គាល់ឃើញថា ការនាំចេញតាមរយៈកំពង់ផែស្ងួតភាគឦសាន នៃខេត្ត Nong Khai ដែលជាប់ព្រំដែនប្រទេសឡាវនោះ ត្រូវបានកត់ត្រាក្នុងចំនួន ១,៩៦ពាន់លានបាត (៥៥ លានដុល្លារ) ក្នុងឆ្នាំ២០២២ កើនឡើងពី ៩០,៤១លានបាត (២,៥៥លានដុល្លារ) នៅក្នុងឆ្នាំ ២០២១។

លោកស្រីក៏បានកត់សំគាល់ទៀតដែរថា ផ្លែឈើថៃ និងការនាំចេញផ្សេងៗទៀត អាចទាញយកអត្ថប្រយោជន៍ពីសិទ្ធក្រោមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏ដូចជាតំបន់ពាណិជ្ជកម្មសេរីចិន​ និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ផងដែរ។

ជាមួយគ្នានោះ ដោយយោងតាម​ DTN បានលើកឡើងថា ការនាំចេញរបស់ថៃទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវមានតម្លៃប្រមាណ ២,៨៤ពាន់លានបាត (៨០,២២លានដុល្លារ) ខណៈការនាំចេញទុរេនស្រស់មានចំនួន ៧២%ឯណោះ៕