មីយ៉ាន់ម៉ារំពឹងថា ការនាំចេញអង្ករ នឹងមានសន្ទុះឡើងវិញក្នុងរយៈពេលខ្លីខាងមុខ

អន្តរជាតិ

ប្រទេសមីយ៉ាន់ម៉ារំពឹងថា ការនាំចេញអង្កររបស់ខ្លួននឹងមានការកើនឡើងនាប៉ុន្មានខែខាងមុខ ដោយសារតែឥណ្ឌាផ្អាកនូវការនាំចេញ និងការកើនឡើង​នូវតម្លៃអង្កររបស់ថៃនិងវៀតណាម ដែលជាហេតុនាំអោយអ្នកទិញស្វែងរកប្រភពផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា លោក Ye Min Aung បាននិយាយថា ការរឹតបន្តឹងក៏ដូចជាការកាត់បន្ថយនូវការផ្គត់ផ្គង់របស់សកលលោក អាចនឹងជម្រុញអោយមីយ៉ាន់ម៉ាកាន់តែខិតទៅជិតគោលដៅប្រចាំឆ្នាំ ក្នុងការរកប្រាក់ចំណូល ១ពាន់លានដុល្លារពីការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន ហើយក៏អាចជួយស្តារការនាំចេញឡើងវិញផងដែរ ខណៈក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំសារពើពន្ធ ប្រទេសខ្លួនបានធ្លាក់ចុះនូវការនាំចេញដល់ទៅ ៥៦%ឯណោះ ។

ជាមួយគ្នានោះ តាមរយៈទិន្នន័យពីសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានលើកឡើងថា ការនាំចេញអង្ករពីខែមេសាដល់ខែកក្កដា មានប្រហែល ៣២០,០០០តោន ឬគិតជាប្រាក់ចំណូលត្រឹមតែ ១៣៨លានដុល្លារប៉ុណ្ណោះ។

យ៉ាងណាមិញ បើតាមរបាយការណ៍ពីខាងសហព័ន្ធបានបង្ហាញថា រយៈពេល ២ឆ្នាំមុន  មីយ៉ាន់ម៉ាទទួលបានចំណូលច្រើនជាង ៨០០លានដុល្លារ ពីការលក់អង្ករ ខណៈចិន ហ្វីលីពីន និងបែលហ្ស៊ិក ជាដៃគូទទួលទិញដ៏ធំបំផុតរបស់ខ្លួន។

គួររំលឹកផងថា​ ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះនឹងបញ្ហាអសន្តិសុខស្បៀង ដោយសារស្ថានភាពនយោបាយអស្ថិរភាព និងវិបត្តិសេដ្ឋកិច្ច ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១មកម្លេះ៕