មន្ត្រីរាជការ មន្ត្រីយោធា និងមន្ត្រីនគរបាល មិនអាចមានគោរមងារជា «ឧកញ៉ា» ទៀតទេ

ជុំវិញ​ឧកញ៉ា

មន្ត្រីរាជការសាធារណៈ ដែលកំពុង​បំពេញការងារ​ក្នុង​ក្របខ័ណ្ឌ​​មន្ត្រីរាជការស៊ីវិល មន្ត្រីកងយោធពល​ខេមរភូមិន្ទ និង​មន្ត្រី​នគរបាល​ជាតិ ​​មិន​អាច​ទទួល​បាន​គោរមងារ​ជា ឧកញ៉ា អ្នកឧកញ៉ា ឬ​លោក​អ្នក​ឧកញ៉ា ​ទៀតនោះ​ទេ។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ ស្តីពី​គោរមងារ​ឧកញ៉ា ដែល​ព្រះមហាក្សត្រ​ទើប​ឡាយព្រះហស្ថលេខា ​​កាលពី​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យ​ស្តីពី​គោរមងារ​ឧកញ៉ា ​​ជំពូកទី៤ អំពី​លក្ខខណ្ឌ​និង​លក្ខណសម្បត្តិ​ដែល​ត្រូវ​ផ្តល់​គោរមងារ​ឧកញ៉ា ត្រង់​មាត្រា​៦ និង​​មាត្រា៧ បាន​ចែង​ថា គោរមងារ​ឧកញ៉ា​លំដាប់​ថ្នាក់​ណា​មួយ (លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឬឧកញ៉ា) ត្រូវ​ផ្តល់ជូន​ដល់​រូបវន្ត​បុគ្គល​ជា​ប្រជាពលរដ្ឋខ្មែរ ដោយ​ផ្អែក​​តាម​គុណ​បំណាច់​របស់​រូបវន្ត​បុគ្គល​ម្នាក់ៗ​នោះ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ និង​កសាង​ជាតិ។

គុណបំណាច់​នៃ​ការ​ចូលរួម​អភិវឌ្ឍ និង​កសាង​ជាតិ​មាន​ជា​អាទិ៍ ការ​ផ្តល់​អំណោយ​ជាថវិកា ការ​ចូលរួម​បរិច្ចាគ​ធនធាន​ទ្រព្យសម្បត្តិ សម្ភារបរិក្ខានានា​ជូនរដ្ឋ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា ដែល​ក្នុង​នោះ​មាន​ផ្លូវ ស្ពាន សាលារៀន វត្ត អគារ​សាធារណៈ​ជា​ដើម ស្នាដៃ​ពិសេស​ក្នុង​វិស័យណា​មួយ ឬ​របក​គំហើញ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ណា​មួយ ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​សង្គម​ជាតិ។

ទំហំទឹកប្រាក់​នៃ​អំណោយ​ជា​ថវិកា តម្លៃ​សរុប​នៃ​ការ​ផ្តល់​អំណោយ ស្នាដៃ​ពិសេស និង​របក​គំហើយ​នូវ​បច្ចេកវិទ្យា​ថ្មីៗ ដែល​ត្រូវ​ផ្តល់​ជូន​គោរមងារ​ឧកញ៉ា​លំដាប់​ថ្នាក់​ណា​មួយ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ។ ក្រៅ​ពី​លក្ខខណ្ឌ​ដែល​បាន​កំណត់​ខាង​លើ រូបវន្ត​បុគ្គល​ជា​ប្រជាពលរដ្ឋខ្មែរ ដែល​ត្រូវ​ផ្តល់​គោរមងារ​ឧកញ៉ា ត្រូវ​មាន​លក្ខណសម្បត្តិ​មួយ​ចំនួន​ដូច​ជា៖ មាន​ប្រវត្តិរូប​ច្បាស់លាស់ មាន​កិរិយាមាយាទល្អ មិន​ធ្លាប់​​ត្រូវ​បាន​ផ្តន្ទាទោស​បទ​ឧក្រិដ្ឋឬ​បទ​មជ្ឈិម​ណាមួយ និង​ប្រកប​មុខ​របរ​ស្របច្បាប់។

ជាមួយ​គ្នា​នេះ មាត្រា៨ បាន​ចែង​យ៉ាង​ច្បាស់​បន្ថែម​ទៀត​ថា គោរមងារ​ឧកញ៉ា មាន​វិសមិតភាព​ជាមួយ​មន្ត្រីរាជការ​សាធារណៈ ដែល​កំពុង​បំពេញ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការស៊ីវិល មន្ត្រីកងយោធពល​ខេមរភូមិន្ទ និង​មន្ត្រីនគរបាលជាតិ

គួរ​រំឭក​ថា សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី​ ២២ ខែ​សីហា ឆ្នាំ២០១៩ ​បាន​ដាក់​បទបញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​រួមមាន​ទាហាន នគរបាល និង​កងរាជអាវុធហត្ថ ​ត្រូវ​ជ្រើសរើស​ជាបន្ទាន់​ថា​តើ​ត្រូវ​យក​ងារ ឧកញ៉ា ឬ​យក​តួនាទី​របស់ខ្លួន ប៉ុន្តែ​សម្តេច​ពុំ​បាន​បញ្ជាក់​ច្បាស់​អំពី​មន្ត្រីរាជការស៊ីវិល​នោះ​ទេ។ ទោះ​យ៉ាងណា ព្រះរាជក្រឹត្យ​ថ្មី​ ស្តីពីគោរមងារ​ឧកញ៉ា​នេះ ​​បាន​កំណត់​ច្បាស់​តែ​ម្តង​គឺ មន្ត្រីរាជការសាធារណៈ​គ្រប់​ប្រភេទ មិន​អាច​មាន​គោរមងារ​ឧកញ៉ា​​នោះ​ទេ៕