ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ហេង លី ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា ហេង លី វ័យ៧៤ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយលោកបានប្រឡូកក្នុងវិស័យពាណិជ្ជកម្មក្នុងទ្រង់ទ្រាយធំ តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ លោកឧកញ៉ា ជាម្ចាស់ និងជាអគ្គនាយក ផ្សារ ហេងលី ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រៅពីនេះ លោកឧកញ៉ា នៅមានមុខជំនួញធំៗមួយចំនួនទៀត ហើយលោកឧកញ៉ា ក៏មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។
កន្លងមក លោកឧកញ៉ា បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ លោកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈគ្រឿងឥស្សរិយយស និងប័ណ្ណថ្លែងអំណរគុណជាច្រើន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា៕