សម្តេចតេជោ ហ៊ុន សែន អំពាវនាវរក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូជាឧកញ៉ា

ជុំវិញ​ឧកញ៉ា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបច្ចប្បន្ន បានធ្វើការអំពាវនាវដល់ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា ត្រូវរក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូជាឧកញ៉ា ឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ។ ការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីធ្វើឡើងក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ សម្តេចតេជោក៏បានអំពាវនាវដល់ឧកញ៉ាត្រូវប្រកៀកស្មាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿង កាត់បន្ថយភាពក្រីក្រ និងជួយប្រជាពលរដ្ឋដូចពាក្យស្លោកថា «អ្នកមានរក្សាខ្សត់ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។

ថ្លែងក្នុងឪកាសនោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ការចងក្រងសមាគមឧកញ៉ាមិនមែនជាការចងក្រងបណ្តាញ ឬបក្សពួកនោះឡើយ ប៉ុន្តែកន្លងមកបណ្តាឧកញ៉ាតែងចូលរួមជួយសង្គមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងបង្ហាញពីវប្បធម៌ចែករំលែក និងសាមគ្គីភាព»។ សម្តេចតេជោបន្តថា ការចម្រើនលូតលាស់របស់ជាតិប្រកបដោយថាមវន្ត មិនអាចកាត់ផ្តាច់ពីការរួមចំណែករបស់អ្នកឧកញ៉ា ឧកញ៉ា និងជនរួមជាតិនោះឡើយ។

សូមជម្រាបជូនថា ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចំនួន១២ទំព័រ មានចំនួន ១០ជំពូក និង២៥មាត្រា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ឡាយព្រះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។

ព្រះរាជក្រឹត្យនេះមានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ាជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រពលរដ្ឋខ្មែរដែលមានគុណបំណាច់ផ្ទាល់ខ្លួនចូលរួមអភិវឌ្ឍនិងកសាងជាតិព្រមទាំងការគ្រប់គ្រងនិងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរទំនៀមទម្លាប់ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕