ប៉ុន្មានថ្ងៃក្រោយលោក ឌិត មុន្ទីរ ប្រធានតុលាការកំពូល ដាក់ពាក្យលាឈប់ពីតួនាទីប្រធានតុលាការកំពូល ក្រោមហេតុផលអាយុកាន់តែច្រើន និងបញ្ហាសុខភាព នាពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បង្គាប់ឲ្យលោក ជីវ កេង ជាប្រធានស្តីទីតុលាការកំពូលជាបណ្តោះអាសន្ន។
លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ កាលថ្ងៃទី១៤ សីហា ឆ្នាំ២០២៣ បានចេញលិខិតបង្គាប់ការបង្គាន់មកឲ្យលោក ជីវ កេង អនុប្រធានតុលាការកំពូលបច្ចុប្បន្នឲ្យទទួលបន្ទុកជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន រហូតមានការតែងតាំងជាផ្លូវការ។
ក្នុងលិខិតបង្គាប់ការលោក កើត រិទ្ធ ណែនាំឲ្យលោក ជីវ កេង អនុវត្តនូវលិខិតបង្គាប់ការនេះឲ្យមានប្រសិទ្ធភាពបំផុត។
លោកជីវ កេង ជាអតីតប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញ អស់រយៈពេលពីរអាណត្តិ ដែលដាក់ជំនួសមកវិញដោយលោក អាំង មាលតី ដែលជាអតីតប្រធានតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ មេសា ឆ្នាំ២០១៤។
លោក ជីវ កេង ក៏មានកូនប្រុសម្នាក់ផងដែរជានាយកសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានឋានៈស្មើអនុរដ្ឋលេខាធិការ គឺលោក កេង សុម៉ារិទ្ធ។ ចាប់តាំងពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្នកូនប្រុសរបស់អនុប្រធានតុលាការកំពូលនេះ មានមុខតំណែងនៅក្នុងក្របខណ្ឌក្រសួងយុត្តិធម៌ ដែលផ្ទេរមកពីចៅក្រមសាលាដំបូងខេត្តកណ្ដាល៕