ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាថយចុះជាង១៥% តែជាមួយចិនសម្រេចបានទឹកប្រាក់៧ពាន់លានដុល្លារអាមេរិក នៅ៧ខែឆ្នំានេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៧ខែឆ្នាំ២០២៣ នេះការធ្វើពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់ ២៧ពាន់លានដុល្លារអាមេរិក ថយចុះ១៥,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២, ការនាំចេញរបស់កម្ពុជាសម្រេចបាន ១៣ពាន់លានដុល្លារ ថយចុះ១,៨% ហើយការនាំចូលវិញមានចំនួន ១៤ពាន់លានដុល្លារ ថយចុះ២៥,៦% ប៉ុន្តែទំហំពាណិជ្ជកម្មជាមួយចិនបង្ហាញសញ្ញាវិជ្ជមាន។នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក  រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មថ្មីៗមានប្រសាសន៍ថា« បើទោះបីជាទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានការថមថយបន្តិចក្តី ប៉ុន្តែទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅតែបន្តកំណើន ដោយក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ នេះ កម្ពុជា-ចិន សម្រេចបានពាណិជ្ជកម្មរួមគ្នាជាង ៧ពាន់លានដុល្លារ កើនឡើង ១,៨% ដែលក្នុងនោះកម្ពុជានាំចេញទៅចិនមានជាង ៨១៤លានដុល្លារ កើនឡើង១៦,២% និងនាំចូលពីប្រទេសចិនមានជាង ៦,២៧លានដុល្លារ កើនឡើង ០,១៤%»។

លោកសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា ចិនបានធ្វើឱ្យមានកំណើននៃការនាំចេញជាបន្តបន្ទាប់ ជាក់ស្តែងក្នុងរយៈពេល ត្រីមាសទី១ ដើមឆ្នាំ២០២៣ នេះ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន ចំនួនជាង ៥ ម៉ឺនតោន កើនឡើង៤៩,៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ កន្លងទៅ រីឯការនាំចេញផ្លែចេកស្រស់ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ នេះ កម្ពុជា បាននាំចេញផ្លែចេកស្រស់ ទៅកាន់ទីផ្សារប្រទេសចិន បានជាង ៨ម៉ឺនតោន ដែលមានតម្លៃនាំចេញចំនួន ៥២ លានដុល្លារអាមេរិក។

ចំពោះគម្រោងវិនិយោគវិញ ទោះស្ថិតក្នុងគ្រាលំបាកដែលបណ្តាលមកពីការកើតឡើងនូវជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅ ចិន បានដាក់ទុនវិនិយោគនៅកម្ពុជា មានចំនួន ១៨៦ គម្រោង គិតជាទឹកប្រាក់សរុបចំនួនប្រមាណ ៤,០០០ លានដុល្លារអាមេរិក ៕

អត្ថបទ៖សារេត