អតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev បាននិយាយថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនអាចអូសបន្លាយពេលដល់រាប់ឆ្នាំ ឬអាចដល់ទសវត្សផងក៏ថាបានដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។
“សង្គ្រាមនេះអាចអូសបន្លាយពេលដល់ឆ្នាំ ឬអាចទសវត្សក៏ថាបាន។ ពួកយើងមិនមានជម្រើសឡើយ ព្រោះបើពួកយើងមិនកំទេចរបបនយោបាយអរិភាពរបស់ពួកគេ នោះសមូហភាពលោកខាងលិច នឹងហែករុស្ស៊ីជាបំណែកៗ ហើយក្នុងករណីនេះវានឹងធ្វើឲ្យយើងវិនាសជាមួយ។ គ្មាននរណាម្នាក់ចង់ជួបរឿងបែបនេះទេ”។ នេះបើតាមសម្ដីរបស់លោក Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានលើកឡើង។
ឥស្សរជនជាន់ខ្ពស់រុស្ស៊ីរូបនេះបានបញ្ជាក់ថា សង្គ្រាមមួយនេះសម្រាប់រុស្ស៊ី គឺជាការប្រយុទ្ធប្រឆាំង បង្ហាញពិភពលោកឲ្យដឹងពីអត្ថិភាពរបស់ខ្លួន។
មនុស្សជំនិតរបស់ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីនក៏សង្កត់ធ្ងន់ផងថា រុស្ស៊ីត្រូវតែបំផ្លាញ និងរុះរើទាំងស្រុងនូវរដ្ឋអ៊ុយក្រែនដែលជា “តាំងខ្លួនជាភេរវករ” ដោយធ្វើឱ្យប្រាកដថា “ភាពកខ្វក់នេះ” មិនអាចកើតឡើងម្តងទៀតឡើយ៕