នាថ្ងៃទី ២១ ខែសីហានេះ ប្រទេសចិនបានចោទប្រកាន់បុគ្គលិករដ្ឋាភិបាលម្នាក់ ថាជាចារកម្មរបស់សហរដ្ឋអាមេរិក ខណៈវាគឺជាករណីចារកម្មទី២ នៅក្នុងខែនេះ ដែលរដ្ឋាភិបាលបានប្រកាស។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា រដ្ឋាភិបាលក្រុងប៉េកាំងបានបានអនុវត្តច្បាប់ប្រឆាំងចារកម្ម ដែលបានកែប្រែកាលពីខែមុន ដោយផ្តល់អំណាចបន្ថែមដល់អាជ្ញាធរក្នុងការដាក់ទណ្ឌកម្មលើអ្វី ដែលពួកគេចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។
ករណីដែលបានរដ្ឋាភិបាលបានចោទប្រកាន់នេះ គឺកំពុងស្ថិតក្នុងការស៊ើបអង្កេត ដែលជាប់ពាក់ព័ន្ធនឹងបុគ្គលម្នាក់ឈ្មោះ Hao អាយុ ៣៩ឆ្នាំ ធ្វើការនៅក្នុងក្រសួងមួយ។ នេះបើតាមក្រសួងសន្តិសុខរដ្ឋ (MSS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
របាយកាណ៍ពី MSS បង្ហាញទៀតថា Hao គឺបានសិក្សានៅប្រទេសជប៉ុន និងបានស្គាល់គ្នាជាមួយបុគ្គលិកស្ថានទូតអាមេរិក អំឡុងពេលដាក់ពាក្យបន្តទិដ្ឋាការ ហើយក៏មានទំនាក់ទំនងជិតស្និទ្ធតាំងពីពេលនោះមក។
ក្រោយមកបុគ្គលិកស្ថានទូតអាមេរិកម្នាក់នោះ បានណែនាំ Hao ទៅកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) ដែលបានបញ្ចុះបញ្ចូល Hao ឱ្យចាប់ផ្តើមធ្វើចារកម្មឱ្យទីភ្នាក់ងារអាមេរិក ខណៈដែលគាត់រៀបនឹងត្រឡប់ទៅប្រទេសចិនវិញ។
Hao បានចុះកិច្ចព្រមព្រៀងសំងាត់ជាមួយនឹងទីភ្នាក់ងារ CIA នៅក្នុងប្រទេស ដើម្បីផ្តល់ការស៊ើបការណ៍សម្ងាត់ និងប្រមូលមូលនិធិចារកម្ម” ខណៈពេលដែលកំពុងធ្វើការនៅក្រសួង មុនពេលដែល Hao ត្រូវចាប់បានថាជាចារកម្មរបស់អាមេរិក។
សូមជម្រាបដែរថា កាលពីដើមខែសីហាកន្លងទៅ MSS ក៏ធ្លាប់រាយការណ៍ពីករណីស្រដៀងគ្នា ដោយចោទប្រកាន់បុគ្គលម្នាក់មានឈ្មោះថា Zeng អាយុ ៥២ឆ្នាំ ថាបានលួចព័ត៌មានសំងាត់រដ្ឋាភិបាល ទៅឲ្យអាមេរិក ជាថ្នូរនឹងទឹកប្រាក់មួយចំនួន៕